ក្រុមហង្សក្រហម Liverpool បានបន្តឈ្នះគូប្រកួតនៅចុងរដូវកាលនេះ ដោយធ្វើឲ្យក្រុមមួយនេះបានហក់ឡើងឈរចំណាត់ថ្នាក់លេខ៤ នៅលីកកំពូលអង់គ្លេស Premier League ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល៣ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភានេះ។
លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមបានប្រៀបធៀបការទទួលជ័យជម្នះរបស់ក្រុមលោកនៅឯក្លិប Burnley ទៅនឹងការឈ្នះ “វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ” ដែលនាំពួកគេឡើងទៅក្រុម Top 4 នៅអង់គ្លេស ដែលនៅសល់១ប្រកួតទៀតគឺប៉ះក្រុម Crystal Palace និងឱកាសដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ។
ការបញ្ចប់ទីយ៉ាងល្អពីកីឡាករ Roberto Firmino នៅនាទីទី៤៣ ជាគ្រាប់បាល់ទី១ គ្រាប់ទី២រកបានដោយកីឡាករ Nathaniel Phillips នៅនាទីទី៥២ និងគ្រាប់ទី៣រកបានដោយកីឡាករ Alex Oxlade-Chamberlain នៅនាទីទី៨៨ជិតចប់ការប្រកួត។
បច្ចុប្បន្នក្រុមហង្សក្រហមស្ថិតក្នុងចំណាត់ថ្នាក់ទី៤នៃក្របខ័ណ្ឌ PremierLeague ដែលមានពិន្ទុស្មើជាមួយក្រុមលេខ៥ Leicester City ប៉ុន្តែលើសគ្រាប់បាល់ចំនួន៤គ្រាប់។
ក្រុមរបស់លោក Klopp នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Crystal Palaceក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះ ដោយមានអ្នកគាំទ្រ១០.០០០នាក់អនុញ្ញាតឲ្យចូលទស្សនាក្នុងកីឡដ្ឋាន Anfield។ ការប្រកួតចុងក្រោយនេះក្រុមហង្សក្រហមមានសង្ឃឹមខ្ពស់ក្នុងការរក្សាតំណែង Top 4 ដើម្បីទទួលបានកៅអី Champions League រដូវកាលក្រោយផងដែរ ៕
ដោយ ៖ ភារៈ