ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ ខណ្ឌកំបូល បង្ខំចិត្ត បិទខ្ទប់ទីតាំងស្នាក់នៅរបស់កម្មករកម្មការិនី បំរើការនៅរោងចក្រស៊ូមិ ក្នុងតំបន់សេដ្ឋកិច្ចពិសេស១៤ ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីរកឃើញថា មានបងប្អូនកម្មករ កម្មការិនី បម្រើការងារនៅក្នុងរោងចក្រ ស៊ូមិ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃខណ្ឌកំបូល នារសៀលថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២១ នេះ អាជ្ញាធររាជធានីភ្នំពេញ  និងអាជ្ញាធរខណ្ឌកំបូល បានបង្ខំចិត្តបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ នៅទីតាំងស្នាក់នៅរបស់បងប្អូនកម្មករកម្មការិនីចំនួនពីរកន្លែង ជាបណ្ដោះអាសន្ន ដើម្បីធ្វើតេស្តរកឱ្យឃើញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩។ 

     បើតាមប្រសាសន៍ របស់លោក ឃឹម ស៊ុនសូដា  អភិបាលខណ្ឌកំបូល បានឲ្យដឹងនារសៀលថ្ងៃនេះ ក្នុងពេលដែលលោកនិងមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព ជាក់ស្ដែង នៅតំបន់ ដែលមានបងប្អូនកម្មករកម្មការិនីស្នាក់នៅ ស្ថិតក្នុងភូមិគល់ សង្កាត់កំបូល ខណ្ឌកំបូលនេះថា បន្ទាប់ពីទទួលបានបទបញ្ជា ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកនិងមន្ត្រីពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង នៅក្នុងទីតាំង ដែលបងប្អូនកម្មករកម្មការិនីបម្រើការនៅរោងចក្រស៊ូមិ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូលនេះ ទើបអាជ្ញាធរបង្ខំចិត្ត បិទខ្ទប់ តំបន់ទាំងនេះ ជាបណ្ដោះអាសន្ន ដើម្បីធ្វើតេស្តរកឲ្យឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍នេះ ជាពិសេស ចៀសវាងការចម្លងតគ្នា ពីមួយទៅមួយ នៅក្នុងតំបន់នេះ ឲ្យបានទាន់ពេលវេលា។

     លោក ឃឹម  ស៊ុនសូដា បានបញ្ជាក់ផងដែរថា ក្រោយពីធ្វើតេស្តបឋម នៅរសៀលថ្ងៃនេះ យើងរកឃើញថា មានបងប្អូនកម្មករកម្មការិនីប្រមាណជាង ២០ នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងចំណោមបងប្អូនកម្មករកម្មការិនី ប្រមាណជាង២០០ នាក់ដែលស្នាក់នៅ ក្នុងទីតាំង ផ្ទះជួលភូមិគល់ ក្នុងសង្កាត់កំបូលនេះ។

ហើយក្នុងពេលនេះសមត្ថកិច្ចជំនាញកំពុង បន្តសកម្មភាពយ៉ាងមមាញឹកក្នុងការធ្វើតេស្ត ស្វែងរកអ្នកមានវិជ្ជមានកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធនៅក្នុងរោងចក្រខាងលើនេះ។

     លោកអភិបាលខណ្ឌកំបូលបានបញ្ជាក់ទៀតថា៖ នៅក្នុងរោងចក្រ ស៊ូមិនេះ មានបងប្អូនកម្មករ កម្មការិនី ធ្វើការប្រមាណជាង ២.០០០ នាក់ ហើយពួកគាត់បានប្រមូលផ្ដុំគ្នាស្នាក់នៅក្នុងអគារជួល ចំនួនពីរកន្លែងដែលមួយកន្លែងស្ថិតនៅក្នុងភូមិគល់ សង្កាត់កំបូល និងមួយកន្លែងទៀតនៅក្នុងភូមិម្ជុលពេជ្រ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើនោះ។   

    យ៉ាងណាលោក អភិបាលខណ្ឌកំបូលបាន អះអាងទៀតថា ចំពោះអ្នកដែលរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញ របស់យើង បានបញ្ជូនពួកគាត់ទៅកាន់មណ្ឌលព្យាបាល ក្នុងរាជធានីភ្នំពេញ ក្រៅពីនេះ សម្រាប់អ្នកដែលស្នាក់នៅ ក្នុងតំបន់នេះ គឺត្រូវធ្វើចត្តាឡីស័ក ដើម្បីឲ្យប្រាកដថា ពុំមានការចែកចាយបន្តទៅកាន់តំបន់ផ្សេងណាទៀតនោះ។ ជាមួយគ្នានេះលោកក៏បានអះអាងផងដែរថា នៅក្នុងទីស្នាក់នៅរបស់បងប្អូនកម្មករនេះ មិនមានច្រកចេញចូលច្រើននោះទេ ងាយស្រួលដល់អាជ្ញាធរធ្វើការ បិទខ្ទប់ ជាបណ្ដោះអាសន្នយ៉ាងមានប្រសិទ្ធភាព។ ហើយអាជ្ញាធរក៏គ្រោងនឹងអញ្ជើញ អ្នកមានជាប់ពាក់ព័ន្ធជាមួយនឹងបងប្អូនកម្មករកម្មការិនី មកធ្វើសំណាក ដើម្បីឲ្យប្រាកដថាពុំមានអ្នកឆ្លងឬចម្លងទៅកាន់អ្នកដទៃផ្សេងក្រៅពីបងប្អូនកម្មករកម្មការិនីដែលរស់នៅបណ្ដុំគ្នាក្នុងទីតាំងផ្ទះជួល ខាងលើនេះទេ។

      សូមបញ្ជាក់ថា៖. នេះជាការធ្វើតេស្តបឋម ហើយមន្ត្រីជំនាញពាក់ព័ន្ធនឹងបន្ត ធ្វើតេស្តបងប្អូនកម្មករកម្មការិនីដទៃទៀត ដើម្បីឱ្យប្រាកដថា មានបងប្អូនកម្មករកម្មការិនីប៉ុន្មាននាក់ដែលបានឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍នេះ។  ជាការកត់សម្គាល់ ឃើញថា នេះក៏ជារលកថ្មីមួយ ដែលអាចនឹងបង្ករឱ្យមានបញ្ហាឆ្លង ក្នុងសហគមន៍ ប្រសិនបើមិនមានការគ្រប់គ្រងបានទាន់ពេលវេលា ពីសំណាក់អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងមូលដ្ឋានទាំងនេះ។ យ៉ាងណាក៏ដោយគេមើលឃើញទៀតថា  ការផ្ទុះនៅក្នុងតំបន់ទាំងនេះត្រូវបានគ្រប់គ្រងបានទាន់ពេលវេលានិងមានការគិតគូរ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក  ឃួង  ស្រេង អភិបាលរាជធានីភ្នំពេញ បានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ 

ដោយ៖ សំរិត


ចែករំលែក៖