ពលរដ្ឋស៊ីរីដែលរស់នៅក្រៅប្រទេស និងអ្នកដែលបានភៀសខ្លួនចេញពីប្រទេសដោយសារតែសង្គ្រាមស៊ីវិល បាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់នៅតាមស្ថានទូតនានារបស់ស៊ីរី ។ ការបោះឆ្នោតជាផ្លូវការរបស់ប្រទេសនេះនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
សារព័ត៌មាន AP បានផ្សាយថាមានពលរដ្ឋស៊ីរីរាប់រយនាក់បាននាំគ្នាទៅបោះឆ្នោតនាថ្ងៃទី ២០ ខែឧសភា នៅស្ថានទូតស៊ីរី ក្នុងទីក្រុង Beirut ប្រទេសលីបង់ ដើម្បីជ្រើសរើសអ្នកដឹកនាំបន្តទៀតក្នុងអាណត្តិថ្មី។
តាមគម្រោងការបោះឆ្នោតជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងទឹកដីស៊ីរី នាថ្ងៃទី២៦ ខែឧសភា។ ទន្ទឹមនឹងនោះពលរដ្ឋស៊ីរីនៅក្រៅប្រទេសបានចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីហើយនៅថ្ងៃទី ២០ខែឧសភា ។ នេះជាការបោះឆ្នោតលើកទីពីរហើយក្នុងប្រទេសស៊ីរីចាប់តាំងពីការផ្ទុះសង្គ្រាមស៊ីវិលក្នុងប្រទេស១០ឆ្នាំកន្លងមក។
ដោយសារស្ថានភាពអសន្តិសុខ ធ្វើឲ្យខេត្តចំនួន៤ ក្នុងប្រទេសនេះដែលមានពលរដ្ឋ៨លាននាក់មិនអាចរៀបចំការបោះឆ្នោតបានឡើយ។ ខេត្តទាំង៤នោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានជនជាតិ Kurd ដែលជាទាហានប្រឆាំងរដ្ឋាភិបាល។
ពលរដ្ឋស៊ីរីនៅក្រៅប្រទេសក៏មានសិទ្ធិទៅបោះឆ្នោតនៅទីតាំងដែលបានរៀបចំឡើង ។ ជាក់ស្តែងនៅប្រទេសលីបង់ មានពលរដ្ឋស៊ីរីភៀសខ្លួនប្រមាណ១លាននាក់ក៏នឹងទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីផងដែរ ។
តាមការព្យាករ ប្រធានាធិបតីស៊ីរី លោក អាល់ អាសាដអាចនឹងជាប់ឆ្នោតដឹកនាំស៊ីរីជាបន្តទៀត។ ក្រៅពីប្រធានាធិបតីអាល់ អាសាដ នៅមានបេក្ខភាពពីររូបទៀតគឺមេធាវី លោក Mahmoud Ahmed Merei និងអតីតតំណាងរាស្ត្រ Abdullah Sallum Abdullah ៕ ដោយ៖ ធីរីណា
រូបភាព៖ AP