ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ២៧គ្រួសារ​ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ២៧គ្រួសារ​ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា និងមានការចូលរួមការចូលរួមពីក្រុមការងារខណ្ឌ-សង្កាត់មួយចំនួនទៀត ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។

លោក ថេង សុថុល  បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជាប្រធាន តែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរ អ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

លោក ថេង សុថុល បានលើកឡើងទៀតថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។

លោកប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ បង្កេីនការប្រុងប្រយ័ត្នបន្ថែមទៀតបេីគ្មានការចាំបាច់កុំចេញក្រៅផ្ទះ​ និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩​ ទាំងអស់គ្នា​ ។

ជាមួយនឹងការផ្សព្វផ្សាយឱ្យការពារពីជំងឺឆ្លងកូវីដ-១៩ហើយនោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូន ពូមីងទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វេសប្រហែសឱ្យសោះ ។

បើតាមលោក សុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖​ អង្ករ១បាវ ទំងន់២៥គីឡូក្រាម​, មី ០១កេស​, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ត្រីខ ០១យួរ, ម៉ាស់ ១០សន្លឹក និងថវិកា ២០,០០០រៀល ផងដែរ៕

ដោយ ៖ ជីណា


ចែករំលែក៖