ខេត្តស្វាយរៀង៖ យោងតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបញ្ជាក់ប្រាប់ភ្នាក់ងារកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងនារសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២១នេះថា ស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀងបានកម្រើកឡើងវិញដោយសារមានបុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែពីខេត្តស្វាយរៀងទៅផ្សារដើមគរាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ-១៩ ដែលមានប្រពន្ធធ្វើការនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត ធ្វើឱ្យចំនួនអ្នកឆ្លងបឋមរកឃើញចំនួន៥៣នាក់ គិតត្រឹមរសៀលថ្ងៃនេះ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តស្វាយរៀងបានកើនឡើងដោយសារមានបុរសម្នាក់ដែលជាអ្នករកស៊ីដឹកបន្លែពីស្វាយរៀងទៅផ្សារដើមគរាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ-១៩ ហើយមានប្រពន្ធគាត់ធ្វើការងារនៅរោងចក្រយូលី១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ក្រុងបាវិត ទើបធ្វើឱ្យចំនួនអ្នកឆ្លងជាបឋមមានចំនួន៥៣នាក់ ហើយគិតត្រឹមព្រឹកនេះ និងមន្ត្រីជំនាញយើងកំពុងធ្វើតេស្តទៅលើមនុស្សជិត ៨០០នាក់បន្ថែមទៀត»។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានធ្វើតេស្តនៅព្រឹកនេះជាព័ត៌មានបឋមទេ ប៉ុន្តែនិឹងមានការប្រែប្រួលនៅពេលរសៀល ខណៈដែលមន្ត្រីជំនាញយើងកំពុងតែធ្វើតេស្តទៅលើអ្នកដែលពាក់ព័ន្ធបន្ថែមទៀត ដូច្នេះតួលេខអ្នកឆ្លងអាចកើនឡើងបន្ថែម។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយបុរសដែលជាអ្នករកស៊ីដឹកបន្លែ និងប្រពន្ធដែលជាកម្មកររោងចក្រ ត្រូវប្រញាប់រួសរាន់មកធ្វើតេស្តរកជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា និងរួមគ្នាអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាពិសេសអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធាន «៣ការពារ និង៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះជាដើម។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្តថា ពេលបុរសជាប្តីកម្មករនោះគាត់មានបញ្ហាសុខភាព បានទៅពិនិត្យនៅមន្ទីរពេទ្យជីភូ ហើយបានទៅយកសំណាកនៅមណ្ឌលចត្តាឡីស័ក មីស្ទ័រសូ។ លុះដល់រកឃើញមានវិជ្ជមានទើបក្រុមការងារ បានយកប្រពន្ធគាត់ជាកម្មករធ្វើការនៅរោងចក្រ «យូលី» ទៅធ្វើតេស្តក៏មានវិជ្ជមានដូចគ្នា ហើយក្រុមការងារក៏បានបន្តស្រាវជ្រាវដល់រោងចក្រតែម្តងទៅ៕
ដោយ៖ យឹម សុថាន