ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស៊ីរីចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

ចែករំលែក៖

នៅថ្ងៃទី២៦ខែឧសភានេះ ពលរដ្ឋស៊ីរីរាប់លាននាក់បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ ការបោះឆ្នោតធ្វើឡើងក្នុងពេលដែលប្រទេសនេះកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិលដ៏រុំារ៉ៃជាមួយក្រុមប្រឆាំងនិងក្រុមភេរវកម្ម។
សង្គ្រាមនៅក្នុងប្រទេសស៊ីរី បានសម្លាប់ពលរដ្ឋស្លូតត្រង់ជាងកន្លះលាននាក់ និងបង្កឲ្យមានវិបត្តិជនភៀសខ្លួនកើតឡើងជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ មក។ ពលរដ្ឋស៊ីរីដល់ទៅពាក់កណ្តាលក្នុងចំណោមពលរដ្ឋ ២៣លាននាក់ត្រូវបោះបង់ចោលផ្ទះសម្បែងភៀសខ្លួនចេញពីគ្រាប់កាំភ្លើង ។ ក្នុងចំណោមជនភៀសខ្លួនទាំងនោះមាន៦,៥លាននាក់ភៀសខ្លួននៅក្នុងប្រទេសនិង៥,៦លាននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ក្នុងនោះមាន តួកគី លីបង់ ហ្ស៊កដង់ អុីរ៉ាក់និង អេហ្ស៊ីប។ គ្រួសារជាច្រើនមិនមានអាហារគ្រប់គ្រាន់នោះឡើយដោយពឹងទៅលើជំនួយពីកម្មវិធីស្បៀងអាហារពិភពលោក។
សេដ្ឋកិច្ចសេរី ត្រូវបំផ្លាញយ៉ាងខ្លាំង ដោយ GDP របស់ស៊ីរី បានថយចុះ ពីជាង៦០ពាន់លានដុល្លារនៅឆ្នាំ ២០១០ មកសល់ត្រឹម ២១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០។ ចំណែកពលរដ្ឋអត់ការងារធ្វើស្ថិតនៅក្នុងកម្រិត ៥០% និង ពលរដ្ឋស្ថិតនៅក្នុងភាពក្រីក្រមានដល់ទៅ៨០% ។ តាមការវាយតម្លៃរបស់ធនាគារពិភពលោក សង្គ្រាមនៅក្នុងប្រទេសស៊ីរីបានបំផ្លាញទ្រព្យសម្បត្តិប្រទេសនេះអស់ជាង ៣០០ពាន់លានដុល្លារ ។
ការបោះឆ្នោតនៅឆ្នាំ២០២១នេះ គឺជាការប្រកួតប្រជែងរវាង បេក្ខភាព៣រូប ក្នុងនោះមានប្រធានាធិបតី អាល់ អាសាដ អាយុ៥៥ឆ្នាំ ។ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Abdullah Saloum និងលោក Mahmoud Ahmed Marei មេដឹកនាំគណបក្សតូចមួយនៅក្នុងប្រទេសស៊ីរី ដែលមានទស្សនៈផ្សះផ្សារ។
ពលរដ្ឋស៊ីរី១៨លាននាក់បានចុះឈ្មោះបោះឆ្នោតនៅទីតាំង១២ពាន់កន្លែងនៅទូទាំងប្រទេស ។ កាលពីថ្ងៃទី ២០ ខែឧសភា ពលរដ្ឋស៊ីរីនៅក្រៅប្រទេសបានទៅបោះឆ្នោតនៅតាមស្ថានទូតសុីរីនៅក្រៅប្រទេស៕ដោយ៖ ធីរីណា

រូបភាព៖AFP/TTXVN


ចែករំលែក៖