ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យក្រសួង ពាក់ព័ន្ធទាំងអស់ ជួយរែកពុនជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ខណៈ នៅតាម រោងចក្រ សហគ្រាសមួយចំនួនបាននឹងកំពុង រីករាលដាលជំងឺនេះ មិនឈប់ឈរសោះ។
ការស្នើបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាល្ងាចថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) និងអាជ្ញាធរខណ្ឌមួយចំនួនដែលមានរោងចក្រឆ្លងជំងឺកូវីដ-១៩ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា ៖ការបើកឱ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) នេះ គឺក្នុងបំណងឱ្យក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ។
លោកបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងរែកពុនខ្លាំងណាស់ ។ដូច្នេះ លោកអភិបាលចង់ឱ្យក្រសួងពាក់ព័ន្ធជួយរែកពុន តាមរយៈការបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីយើងបានធ្វើការជា មួយគ្នាដោយការទទួលខុសត្រូវ ក្នុងការលុបបំបាត់ឬកាត់ផ្តាច់ឱ្យបានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។
លោក ឃួង ស្រេង បន្តទៀតថា ៖កន្លងមកនេះ ពេលដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ រោងចក្រ សហគ្រាស ក៏បានបិទផងដែរ ។ ក្រោយមកនៅពេលដែល បើកឱ្យដំណើរ ការឡើងវិញ រោងចក្របានឱ្យកម្មករចូលធ្វើការងារវិញ១០០ភាគរយ ខុសពីសេចក្តីណែនាំដែលចុះហត្ថលេខារួមដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងការងារ។ ដោយក្នុងសេចក្តីណែនាំ ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩នេះ កម្មករតែ៥០ភាគរយប៉ុណ្ណោះ ដែលអាចចូលធ្វើការវិញបាន តាម រយៈ ការប្តូរវេនគ្នា ។ ដូច្នេះខាងរោងចក្របានអនុញ្ញាតឲ្យ កម្មករចូលធ្វើការវិញរហូត ១០០ភាគរយដែលធ្វើឱ្យមានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលជាកង្វល់ដ៏ធំមួយរបស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ទៀតថា៖ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឱ្យមានកិច្ចប្រជុំពិភាក្សានេះឡើង ក្នុងបំណងបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីចេញសេចក្តីណែនាំរួម នាំគ្នាអនុវត្ត ឈានទៅកាត់ផ្តាច់ឱ្យបានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគម ន៍២០កុម្ភៈ៕
ដោយ ៖ សំរិត