ព័ត៌មានទាន់ហេតុការណ៍៖

លេខសម្ងាត់ចំនួនប្រមាណ ៨.៤ពាន់លានកំពុងតែត្រូវបានចែកចាយនៅក្នុងវេទិការបស់ក្រុមអ្នកវាយប្រហារ

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ជនអនាមិកម្នាក់បានផុសចែកចាយលេខសម្ងាត់ចំនួនប្រមាណ ៨.៤ពាន់លាននៅក្នុងវេទិកាដ៏ពេញនិយមមួយរបស់ក្រុមអ្នកវាយប្រហារ។ បើតាមការអះអាងរបស់ជនអនាមិកបានបញ្ជាក់ថា លេខសម្ងាត់ទាំងអស់នេះគឺមានប្រវែងពី ៦ទៅ ៨ខ្ទង់ ពុំមានតួអក្សរប្រភេទ ASCII និងពុំមានការដកឃ្លាផងដែរ។ក្រុមជនអនាមិកបានឱ្យឈ្មោះទាក់ទងនឹងការចែកចាយនេះថា RockYou2021 ដែលជាឈ្មោះស្រដៀងគ្នាទៅនឹងការវាយប្រហារ (RockYou) កាលពីឆ្នាំ ២០០៩ ដែលពេលនោះក្រុមជនអនាមិកបានធ្វើការវាយប្រហារចូលទៅក្នុងគេហទំព័របណ្ដាញទំនាក់ទំនងសង្គម ហើយបានលួចយកលេខសម្ងាត់ចំនួន ៣២លាន ដែលបានរក្សាទុកដោយពុំមានប្រើប្រព័ន្ធអុីនគ្រីបសិន (encryption)។

ជនអនាមិកបានអះអាងផងដែរថា លេខសម្ងាត់ដែលគេកំពុងតែចែកចាយនោះមានចំនួន ៨២ពាន់លាន ប៉ុន្តែបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើទិន្នន័យនោះ ពួកគេបានរកឃើញថាលេខសម្ងាត់ទាំងអស់នោះគឺមានចំនួនតែ ៨.៤ពាន់លានប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ពួកគេគិតថា ចំនួននេះគឺវាច្រើនលើសលុបបើប្រៀបធៀបទៅនឹងចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញនៅជុំវិញពិភពលោក។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាអនឡាញ នាយកដ្ឋានសូមឱ្យលោកអ្នកធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ប្រសិនបើលោកអ្នកពុំដែលបានធ្វើការផ្លាស់ប្ដូរ អស់រយៈពេលជាច្រើនខែ (ឬ ឆ្នាំ) មកហើយនោះ៕

ដោយ៖ សិលា


ចែករំលែក៖