ភ្នំពេញ ៖ ដួងសោមគឺជាប្រភេទសត្វដង្កូវម្យ៉ាងដែល រស់នៅក្នុងដើមសោម និងស៊ីបណ្តូល ឬគុម្ពសោមជាអាហារ មុននឹងវាវិវត្តទៅជាសត្វកញ្ចែរប្រម៉ោយមួយ។
និយាយរួមដើមសោមមានដុះច្រើន នៅតាមដីសើមជាំទឹក តាមមាត់អូរ ដូចជានៅសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រីយ៍ក្នុងខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ។
តាំងពីបុរាណកាលមក ជនជាតិកួយដែលរស់ក្នុងនៅតំបន់រវាងខេត្តកំពង់ធំ និងព្រះវិហារបានប្រមូលដួងសោមនៅចន្លោះខែសីហា-កញ្ញា មកធ្វើជាអាហារបំប៉នរបស់ពួកគាត់ តែក្រោយពីបានជ្រាបដល់ព្រះករុណាព្រះមហាក្សត្រនៅពេលនោះ ព្រះអង្គបានបញ្ជាដល់មេកន្ទ្រាញកួយឱ្យរៀបចំដួងសោម ដើម្បីថ្វាយជាក្រយ៉ាដល់ព្រះអង្គ ជារៀងរាល់ឆ្នាំ។
បច្ចុប្បន្ន ប្រជាសហគមន៍ជីឱកបឹងប្រីយ៍ នៅបន្តប្រមូលដួងសោមជាប្រពៃណីរបស់ខ្លួន តែមិនបានទទួលទានខ្លួនឯងទេ ដោយសារមានតម្រូវខ្ពស់នៅទីផ្សារ។ ជាទូទៅ ដួងសោមត្រូវប្រមូលមកទាំងគល់ដើមសោម ដែលអាចរក្សាទុកបាន ២-៣ សប្តាហ៍បន្តទៀត មុនយកដួងសោមចេញមកធ្វើជាអាហារ។ ដួងសោម ជាអាហារធម្មជាតិដ៏ឆ្ងាញ់ មានលក់នៅតាមភោជនីយដ្ឋានមួយចំនួននៅខេត្តកំពង់ធំ និងព្រះវិហារ និងនៅទីក្រុងភ្នំពេញ នៅរដូវកាលប្រមូលផលក្នុងខែសីហា-កញ្ញា។ ដួងសោម មានតម្លៃពី ១២០០០-២០០០០ រៀលក្នុងមួយគ្រាប់។
បច្ចុប្បន្នក្រសួងបរិស្ថានបាន និងកំពុងជំរុញការដាំដើមសោមបន្ថែម នៅក្នុងផ្ទៃដីសហគមន៍គោលដៅ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ ពីដួងសោម៕
ដោយ៖ ស សម