អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន The Nationបានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣៣១ករណីបន្ថែមទៀត ខណៈអ្នកជំងឺចំនួន ៤០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៣០៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ២៦ករណីប៉ុណ្ណោះ ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីរកឃេីញអ្នកឆ្លងថ្មី និងអ្នកជំងឺស្លាប់នោះ ក៏មានអ្នកជំងឺចំនួន ៤,៩៤៧នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយផងដែរ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២០៤,៥៩៥ករណី ក្នុងនោះមានអ្នកស្លាប់ ១,៥២៥នាក់ និងអ្នកជាសះស្បើយ ១៦៧,៦៦៥នាក់។ ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង រដ្ឋាភិបាលថៃ សម្រេចបាន៦.៧៨លានដូសផងដែរ៕ដោយ៖ស តារា