ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបើកបុករថយន្ត Lexus កំពុងឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានបើករថយន្ត Lexus RX400 ឆ្លងកាត់ផ្លូវ ត្រូវបានរថយន្តបែនដឹកដីចង្កូតស្ដាំបុកចំហៀងខាងមុខ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបបាគួរ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ​ កែងនិងផ្លូវ២១៧​ ក្នុងភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ បានបើករថយន្តម៉ាក​ Lexus RX400 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-7139 បេីកបរតាមបណ្ដោយផ្លូវ៥០​ម៉ែត្រ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុបមួយសន្ទុះក្រោយមក ក៏ស្រាប់ភ្លេីងស្តុបលោតសញ្ញាឱ្យបត់ឆ្វេង ពេលនោះគាត់ ក៏បានបត់ឆ្វេងឡើងទៅផ្លូវ២១៧​ តែមកដល់ពាក់កណ្ដាលផ្លូវ​ ក៏មានរថយន្តបែនដឹកដីចង្កូតស្ដាំ ពណ៌ស ពាក់ស្លាកលេខ​ ចង្កូតស្ដាំ PP-2714 បើកបរតាមបណ្ដោយផ្លូវ​៥០ម៉ែត្រ​ ទិសដៅពីលិចមកកើតកើត ក្នុងល្បឿនលឿនជ្រុលទៅបុកចំហៀងខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរថយន្ត Lexus RX400​ វិល​៣​ទៅ៤​ជុំ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំតែម្តង។ តែសំណាងល្អ​ អ្នកបើកបរមិនមានអ្នករងរបួស​ ចំណែកឯ រថយន្តបែនដឹកដីរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។

​ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ ដោយភាគីទាំងសងខាងនិយាយគ្នា ពេលនោះខាងម្ចាស់រថយន្តបែនដឹកដីបានប្រកែកថាជាផ្លូវអត្ថភាពរបស់ខ្លួន តែខាងម្ចាស់រថយន្ត Lexus RX400 គាត់បានឆ្លើយថាភ្លើងសញ្ញាត្រូវឱ្យគាត់បត់ ដោយសារតែភាគីទាំងពីរបានប្រកែកគ្នារកយកត្រូវរៀងៗខ្លួន​សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌដង្កោ ចុះទៅធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការរដ្ឋានខណ្ឌដង្កោ​ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖