ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុករំដួលបិទដំណើរការតូបលក់ដូរជាបណ្តោះអាសន្ននៅទីប្រជុំជនផ្សារកំពង់ចកស្ថិតក្នុងឃុំកំពង់ចកបន្ទាប់ពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់ជាអាជីវករលក់ដូរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១លោកសុខារ៉ាមអភិបាលស្រុករំដួលបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ
សេចក្តីជូនដំណឹង ស្តីពីការបិទដំណើរការតូបលក់ដូរជាបណ្តោះអាសន្ននៅទីប្រជុំជនផ្សារកំពង់ចក ស្ថិតនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតពីម៉ោង សូន្យ ថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

ក្នុងឪកាសនោះមានការចូលរួមពីលោកអធិការនគរបាលស្រុកលោកលោកស្រីអភិបាលរងលោកនាយកនាយករងរដ្ឋបាលស្រុកនិងសមត្ថកិច្ចដែលពាក់ពន្ធ័ផងដែរ។

លោកសុខារ៉ាមអភិបាលស្រុករំដួលបានអោយដឹងថាបន្ទាប់ពីបានរកឃើញករណីវិជ្ជមានកូវីដ១៩នៅទីប្រជុំជនផ្សារកំពង់ចកចំនួន៣នាក់មានឈ្មោះសួងសុវណ្ណ:ភេទប្រុសអាយុ៣៣ឆ្នាំឈ្មោះស៊ាងសាវន់ភេទស្រីអាយុ៥២ឆ្នាំមានទីលំនៅភូមិចំបក់កោងឃុំកំពង់ចកនិងឈ្មោះប្រាក់ពេជភេទប្រុសអាយុ១៧ឆ្នាំមានទីលំនៅភូមិចកឃុំកំពង់ចកស្រុករំដួលរួចមកក្រុមការងារស្រុកបានសហការជាមួយអាជ្ញាធរឃុំចុះស្រាវជ្រាវរុករកអ្នកប៉ះពាល់ផ្ទាល់និងប្រយោលប្រមាណ២០នាក់ហើយក្រុមការងារបាននិងកំពុងចុះស្រាវជ្រាវរុករកអ្នកពាក់ពន្ធ័ដទៃទៀតដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅទីប្រជុំជនផ្សារក៏ដូចជាទីប្រជុំជនស្រុករំដួលខណ:រហូតមកដល់ថ្ងៃនេះក្នុងស្រុករំដួលមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៥១ករណីផងដែរ។

លោកបន្តថាក្នុងករណីមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅវិទ្យាល័យហ៊ុនសែនកំពង់ចកឬទំនាក់ទំនងលេខទូរសព្ទ័០៩៧ ៨៧៧៧២៩៧ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ដោយ៖យឹមសុថាន


ចែករំលែក៖