ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III)

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញ សេចក្ដីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្ដើម អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) តាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក តំណាងក្រសួង ស្ថាប័នចំណុះគណ:កម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងឃុំពាក់ព័ន្ធ សហគមន៍ជនជាតិដើមភាគតិច ដៃតួអភិវឌ្ឍន៍ អង្គការជាតិ និងអង្គការអន្តរជាតិ មួយចំនួនទៀត។

តម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប ១០៧ លានដុល្លារអាមេរិក ក្នុងនោះឥណទានធនាគារ ពិភពលោកចំនួន ៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រយៈពេល ៦ឆ្នាំ ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្ត គោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន ៧១ ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដី សង្គមកិច្ច និង ៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប ៣០.០០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច១០.០០០ហិកតា និងមានអ្នកទទួលផលសរុប ៦ ៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិច ១៥០០គ្រួសារ ។ សកម្មភាពរបស់គម្រោងផ្តោតលើការងារ សំខាន់ចំនួន៥ គឺការងារសម្បទានដីសង្គមកិច្ច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច, ការធ្វើ ផែនការប្រើប្រាស់ដីនៅក្នុងឃុំ, ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រដល់ការអភិវឌ្ឍ ជីវភាពរស់នៅរបស់អ្នកទទួលផល។
តាមរយះការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ តម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នឹងផ្តល់ដីសម្រាប់ លំនៅឋាននិងដីសម្រាប់កសិកម្មដល់ប្រជាជនក្រីក្រ សម្រាប់ជាមុនក្នុងការចាប់ផ្តើមកសាងជីវភាព រស់នៅនិងបង្កបង្កើនផល។ ជាមួយនេះ គម្រោងនឹងរួមចំណែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជា មូលដ្ឋាន បណ្តុះបណ្តាលលើការងារកសិកម្មនិងធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់កម្រិតជីវភាពរស់នៅ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ចូលរួមសម្រេចគោលបំណងនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជារបៀបវារៈសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។អាស័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សិលា


ចែករំលែក៖