ខេត្តបន្ទាយមានជ័យ, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលទីតាំង នៅសាលាបឋមសិក្សាថ្មពួក និង វិទ្យាល័យថ្មពួក ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំទៅជាមណ្ឌលធ្វើចត្តាឡីស័ក បងប្អូនប្រជាពលរដ្ឋ និង បន្តពិនិត្យមើលទីតាំងវិទ្យាល័យខ្លាកូន ក្នុងក្រុងសិរីសោភ័ណ រៀបចំជាមណ្ឌលព្យបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ដោយសារស្ថានភាពបងប្អូនធ្វើចត្តាឡីស័ក និងត្រឡប់មកពីប្រទេសថៃ មានចំនួនកើនឡើង ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត គណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្តធ្វើការរៀបចំបន្ថែមមណ្ឌលធ្វើចត្តាឡីស័ក ដើម្បីសម្របសម្រួលដាក់ធ្វើចត្តាឡីស័កបងប្អូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល។
ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានណែនាំក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានស្រុកឃុំ ក្រុមការងារចម្រុះកងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ គ្រប់គ្រងបងប្អូនក្នុងមណ្ឌលឲ្យបានល្អ ត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩៕
ដោយ៖សិលា