ភ្នំពេញ, នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា, អ្នកវិនិយោគចិនឈ្មោះ Pang Zhengli បានប្រាប់ខ្ញុំអំពីទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងស្រឡាញ់ការដឹកនាំរបស់សម្តេចតេជោដែលមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសចិន។ លោក Pang Zhengli និងដៃគូភាគហ៊ុនចិនបានឃើញពីសក្តានុពលនិងឱកាសវិនិយោគនៅកម្ពុជាដែលបានលើកទឹកចិត្តពួកគាត់អោយមកវិនិយោគលើវិស័យទេសចរណ៍ និងកាស៊ីណូនៅខេត្តព្រះសីហនុកាលពីឆ្នាំ ២០១៩។ ពួកគាត់បានបណ្តាក់ទុនជាង១៥លានដុល្លារសាងសង់អគារនិងបំពាក់សម្ភារៈទំនើបៗនៅទីនោះ។ ដោយសារស្ថានភាពបិទខ្ទប់ដោយកូវីដ១៩ បានធ្វើអោយក្រុមហ៊ុនផ្អាកដំណើរការហើយបន្តខាតបង់ប្រាក់ជារៀងរាល់ខែ។
លោករដ្ឋលេខាធិការបានបន្តថា, បើនិយាយពីតម្លៃជួលអគារមុនកូវីដ-១៩ វាយលុក រួមទាំងថ្លៃអាជ្ញាប័ណ្ណរកស៊ីវិញ គឺ១ខែត្រូវចំណាយជាង៤០ម៉ឺនដុល្លារ បូកជាមួយប្រាក់ខែបុគ្គលិកខ្មែរ១៤០នាក់ និងបុគ្គលិកចិនជាង៦០នាក់ ព្រមទាំងថ្លៃទឹកភ្លើងជាង២០ម៉ឺនដុល្លារថែមទៀត ដែលធ្វើអោយក្រុមហ៊ុនចិនកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរ។
លោកលើកឡើងថា, ប្រទេសស្ថិតក្នុងស្ថានភាពកូវីដ-១៩ កំពុងរាតត្បាតនិងបិទខ្ទប់គឺពុំមានភ្ញៀវទេសចរណ៍ឬពាណិជ្ជករមកកំសាន្តឡើយ។ ក្រុមហ៊ុនចិនមានតែការស្នើសុំក្តីសណ្តោសយោគយល់ពីដៃគូក្នុងស្រុកដើម្បីពួកគាត់អាចនៅបន្តដកដង្ហើមដើម្បីអាចផ្តល់ការងារដល់បុគ្គលិកខ្មែរជាង១៤០នាក់ និងបុគ្គលិកចិន៦០នាក់ ទម្រាំដល់ឆ្នាំ ២០២២ ក្រែងលោស្ថានការណ៍វិលមករកភាពប្រក្រតីវិញ។
លោកថា, ខ្ញុំសូមអរគុណនិងអំពាវនាវដល់ក្រុមហ៊ុនវិនិយោគខ្មែរក្នុងស្រុក សូមមានការយោគយល់និងជួយសម្រួលដល់ដៃគូរវិនិយោគពីប្រទេសចិនផង ដើម្បីពួកគាត់អាចមានដង្ហើមដកបន្តទម្រាំដល់ពេលស្ថានភាពកូវីដ១៩ អាចធូរស្រាលឡើងវិញនៅឆ្នាំ២០២២។ មានតែវិធីនេះទេទើបបងប្អូនកម្មករខ្មែជាង១៤០នាក់ និងបុគ្គលិកចិនជាង ៦០នាក់ នៅមានការងារធ្វើ។ កាយវិការសណ្តោសប្រណីនេះនឹងផ្តល់នូវទំនុកចិត្ត ភាពកក់ក្តៅដល់អ្នកវិនិយោគចិនអោយនៅមានសង្ឃឹមនិងជំនឿក្នុងការបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖សិលា