ប្រទេសថៃនិងម៉ាឡេស៊ី កាលពីថ្ងៃទី៣១ខែកក្កដា មានករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីដែលតា (Delta)មានប្រភពមកពីប្រទេសឥណ្ឌា បានឆ្លងយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ាន ពិសេសគឺថៃនិងម៉ាឡេស៊ី។
ជាក់ស្តែងកាលពីថ្ងៃទី ៣១ខែកក្កដា ម៉ាឡេស៊ីមានករណីឆ្លងកូវីដ-១៩ថ្មីជិត១៨ពាន់នាក់។ ពលរដ្ឋនៅក្នុងប្រទេសនេះបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកាន់តែអាក្រក់ជាងនេះក្នុងពេលខាងមុខ ។ ព្រះមហាក្សត្រម៉ាឡេស៊ី កាលពីថ្ងៃទី ៣១ខែកក្កដា បានសម្រេចបន្តអនុវត្តច្បាប់អាសន្ន នៅតំបន់ភាគខាងកើតនៃរដ្ឋ Sarawak រហូតដល់ខែកុម្ភៈឆ្នាំ ២០២២ និងបានពន្យារពេលបោះឆ្នោតក្នុងតំបន់ផងដែរ ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសថៃ មានករណីឆ្លងកូវីដ-១៩ថ្មីក្នុងរយៈពេល២៤ម៉ោងមានដល់ទៅ ១៨.៩០០នាក់ និងស្លាប់១៧៨នាក់ ។ នេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសថៃ ។ រដ្ឋាភិបាលថៃបានឱ្យដឹងថា វីរុសបំប្លែងខ្លួនថ្មីដែលតាបានឆ្លងរាលដាលជាង ៦០%នៃអ្នកឆ្លងកូវីដ ក្នុងរយៈពេល១ថ្ងៃ។ ចំណែកនៅទីក្រុងបាងកក អ្នកឆ្លងដែលតាថ្មីមានដល់ទៅ៨០%។
ចំណែកនៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញ មានករណីឆ្លងកូវីដ-១៩ខ្ពស់ជាងគេបង្អស់ ដោយមានករណីឆ្លងរហូតដល់ទៅជាង៣៧ពាន់នាក់ក្នុងមួយថ្ងៃ និងស្លាប់ជាង១៨០០នាក់ ។ បច្ចុប្បន្នប្រទេសនេះបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋ ដើម្បីអាចគ្រប់គ្រងស្ថានភាពនៃការឆ្លងបានយ៉ាងល្អបំផុត ជួយឲ្យជីវភាពរបស់ពលរដ្ឋបានល្អប្រសើរដូចដើមវិញ៕
ដោយ៖ ធីរីណា(រូបថត៖AFP)