ខេត្តស្វាយរៀង៖ សូមអបអរសាទរលោកភោគ វណ្ណថន មេឃុំក្រោលគោស្រុកស្វាយជ្រំ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយពេលនេះលោកកំពុងបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀត។
លោកភោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំ បានឱ្យដឹងនៅព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០២១នេះថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ខណ:ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ ហើយបានត្រឡប់មកផ្ទះវិញ ប៉ុន្តែលោកនៅតែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀត តាមក្រសួងសុខាភិបាលបានកំណត់។
ក្នុងឱកាសនេះ រូបលោកក៏ដូចជាក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជួរមុខនៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រីមមៀ សែនសុខទាំងអស់ដែលខិតខំព្យាបាលយ៉ាងយកចិត្តទុកដាក់យ៉ាងខ្ពស់ បំផុតទើបរូបលោកបានឆាប់ជាពីជំងឺកូវីដ-១៩ បើគ្មានលោកគ្រូអ្នកគ្រូពេទ្យជួយសង្គ្រោះនិងព្យាបាលទាន់ពេលវេលា ទេកុំអីរូបលោកក៏គ្មានសង្ឃឹមដែរ ព្រោះមេរោគស៊ីសួតធ្ងន់ធ្ងរទៅហើយ។
លោកភោគ វណ្ណថនក៏សូមថ្លែងអំណរគុណចំពោះលោកស្រីកិត្តិសង្ហហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង ដែលបានផ្ដល់ជាកម្លាំងចិត្តនិងបានជួយជំរុញដល់ក្រុមគ្រូពេទ្យនៅមជ្ឃមណ្ឌលព្យាបាលកូវីដ-១៩ ព្រីមមៀរ ខិតខំព្យាបាលដល់រូបលោក។
មិនតែប៉ុណ្ណោះលោកក៏សូមអគុណដល់លោកស្រីដួង វណ្ណា លោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង ដែលបានជូនពរលោកពេលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩។ ជាពិសេស សូមអរគុណផងដែរចំពោះលោកចៅ ភិរុណ ដែលបានជូនពរនិងឧបត្ថម្ភថវិកា២០០ដុល្លារ, លោកសូរ សូចន្ទ័ ឧបត្ថមថវិកា១លានរៀល, លោកលោកស្រីក្រុមការងារចុះជួយឃុំក្រោលគោក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ជាងមួយពាន់នាក់ ដែលបានជូនពរដល់រូបលោកឱ្យឆាប់ជាសះស្បើយពីជំងឺមួយនេះផងដែរ។
បន្ទាប់មក លោកមេឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សូមធ្វើការផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការ ថែរក្សាសុខភាពជាចម្បងហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនូវអនាម័យ ត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុល និងជែល បើគ្មានការចាំបាច់កុំចេញទៅក្រៅផ្ទះ ហើយកុំទៅទីប្រជុំជនដែលមានមនុស្សច្រើន សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះឱ្យសោះ ដោយត្រូវបន្តអនុវត្ត បីកុំ បីការពាររបស់សម្ដេចតេជោសែន ក៏ដូចជាក្រសួងសុខាភិបាលទើបយើងអាចការពារនិងទប់ស្កាត់បានទាន់ពេលវេលា៕
ដោយ៖ យឹម សុថាន