ក្រុមខ្លាំង Celtic បានរងបរាជ័យនៅថ្ងៃបើកឆាកជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ ក្នុងថ្ងៃបើកឆាកប្រកួតលីគកំពូលស្កុតឡេនក្រោមការដឹកនាំរបស់លោក Ange Postecoglou ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១ សីហានេះ។
កីឡាករ Mackay-Steven បានស៊ុតបាល់បញ្ចូលទីក្នុងតង់ទី១ នាទីទី៨ ឲ្យក្រុម Hearts ហើយ១គ្រាប់នេះបានបន្តរហូតដល់ចប់វគ្គទី១។ ចូលដល់ការប្រកួតក្នុងវគ្គទី២ កីឡាករ Anthony Ralston របស់ក្រុម Celtic រកបាន១គ្រាប់តាមស្មើវិញ។ ប៉ុន្តែនៅនាទីទី៨៩ជិតចប់ការប្រកួតទៅហើយ កីឡាករ Souttar របស់ក្រុម Hearts រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតក្រុម Hearts បានយកឈ្នះក្រុម Celtic ក្នុងលទ្ធផល២ទល់១ ក្នុងថ្ងៃបើកឆាកលីគកំពូលស្កុកឡេនរដូវកាល២០២០–២០២១នេះ។
ជ័យជម្នះលើកដំបូងសម្រាប់ក្រុម Hearts លើក្រុម Celtic បានធ្វើឲ្យក្រុម Celtic ចាញ់ជាលើកទី២ក្នុងការប្រកួត៣លើកបន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Champions League បានបញ្ចប់កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅ។
ក្រុមរបស់លោក Postecoglou នៅតែស្វែងរកជ័យជម្នះលើកដំបូងជាមួយនឹងការប្រកួតវគ្គជម្រុះ Europa League ជុំទី៣ជាមួយក្រុមមកពីសាធារណរដ្ឋឆេក FK Jablonec នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយមុនពេលជួប Dundee នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ។
ទោះយ៉ាងណាក៏ដោយបន្ទាប់ពីការប្រកួតវគ្គជម្រុះតាមពូល League Cup បានល្អក្រុម Hearts ក្រោមការដឹកនាំរបស់លោក Robbie Neilson បានឈ្នះ៥ប្រកួតក្នុងចំណោម៥រដូវកាលនេះ។
សូមបញ្ជាក់ថា ក្រុម Celtic ធ្វើដំណើរទៅកាន់ទឹកដីសាធារណរដ្ឋឆេកដើម្បីជួបជាមួយក្រុម Jablonec នៅថ្ងៃព្រហស្បតិ៍ មុនពេលទទួលភ្ញៀវក្រុមDundee នៅថ្ងៃអាទិត្យ ខណៈដែលក្រុម Hearts នឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ជាមួយក្រុម St Mirren ក្នុងការប្រកួតលីគកំពូលស្កុតឡេនPremiership ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)