កីឡាករលំដាប់លេខ៧ពិភពលោក Matteo Berrettini របស់អុីតាលីបានគាំទ្រការសម្រេចចិត្តយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជាកាតព្វកិច្ចសម្រាប់កីឡាករក្នុងព្រឹត្តិការណ៍ Australian Open នៅខែក្រោយ។
កាលពីខែវិច្ឆិកាប្រធានការប្រកួតលោក Craig Tiley បាននិយាយថា កីឡាករទាំងអស់ដែលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Grand Slam លើកដំបូងនៃឆ្នាំ២០២២ត្រូវតែត្រូវបានចាក់បញ្ចូលទាំងស្រុង បន្ទាប់ពីមានការចរចាជាច្រើនខែរវាងកីឡាវាយតឺន្នីសអូស្ត្រាលី និងរដ្ឋាភិបាលរដ្ឋ Victoria។
កីឡាករ Matteo Berrettini បានអះអាងថា លោកត្រូវបានគេចាក់វ៉ាក់សាំង ហើយចាប់ពីពេលនោះមកអ្វីៗបានប្រសើរឡើង។ លោកគិតថាសំណើរបស់រដ្ឋាភិបាលអូស្ត្រាលីគឺសមហេតុផល។ វិធានការនេះបានធ្វើឱ្យការជាប់ពាក់ព័ន្ធក្នុងការប្រកួតរបស់កីឡាករ Novak Djokovicសញ្ជាតិស៊ែប៊ី ទៅជាមន្ទិល ខណៈកីឡាករលេខ១ពិភពលោករូបនេះមិនទាន់បង្ហាញអំពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់គាត់នៅឡើយ។
កីឡាករ Berrettini បានគាំទ្រការសម្រេចចិត្តនេះ បន្ទាប់ពីត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល២សប្តាហ៍នៅក្នុងសណ្ឋាគារមួយកាលពីព្រឹត្តិការណ៍ Australian Open ឆ្នាំមុន។ លោកថា “កាលពីឆ្នាំមុន យើងបានសាកល្បងអ្វីដែលពិបាក ខ្ញុំនឹងមិនមានបំណងចង់ឱ្យមានការនៅដាច់ពីគេរយៈពេល២សប្តាហ៍ដូចដែលយើងធ្លាប់មានក្នុងឆ្នាំ២០២១លើនរណាម្នាក់នោះទេ។ សម្រាប់ខ្ញុំ ការទទួលថ្នាំបង្ការគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ ដើម្បីឲ្យពិភពលោកមានដំណើរឡើងវិញ”។
កីឡាករវ័យ២៥ឆ្នាំ Berrettini ត្រូវដកខ្លួនចេញពីការប្រកួត ATP Finals កាលពីខែមុនដោយសាររបួស ប៉ុន្តែបានបញ្ជាក់ថា គាត់នឹងត្រឡប់មកវិញសម្រាប់ការប្រកួតបើករដូវកាល ATP Cup ក្នុងទីក្រុង Sydney និងព្រឹត្តិការណ៍ Australian Open ក្នុងទីក្រុង Melbourne ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)