ក្លិបតោខៀវបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ខ្សែបម្រើ N’GoloKante និងកីឡាករ Trevoh Chalobah របស់ Chelsea បានត្រឡប់មកហ្វឹកហាត់វិញហើយ ហើយអាចមានវត្តមានសម្រាប់ការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍នេះទល់នឹងក្រុម Everton បាន។
Kante មិនបានចូលលេងទេចាប់តាំងពីរបួសជង្គង់ក្នុងការទទួលជ័យជម្នះ ៤ទល់០ លើក្រុម Juventus ក្នុងក្របខ័ណ្ឌ Champions League ក្នុងខែវិច្ឆិកា ខណៈដែលកីឡាករ Chalobah បានរងរបួសសរសៃពួរពេលលេងទល់នឹងក្រុម Watford កាលពីដើមខែនេះ។
ខ្សែបម្រើកណ្តាលរបស់ Chelsea បានរងនូវរបួសយ៉ាងធ្ងន់ធ្ងរ ដោយកីឡាករ Mateo Kovacic ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីធ្វើតេស្តវិជ្ជមាន COVID-19 ខណៈដែលកីឡាករ Jorginho បានខកខានការប្រកួត Champions League កាលពីសប្តាហ៍មុនដោយមានបញ្ហាខ្នង។
ការទទួលជ័យជម្នះក្នុងផ្ទះ៣ទល់២ របស់ Chelsea លើក្រុម Leeds United កាលពីថ្ងៃសៅរ៍ បានរក្សាពួកគេឱ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ជាមួយនឹង៣៦ពិន្ទុ ដោយតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន៥ពិន្ទុ និងតាមពីក្រោយក្រុម Liverpool ១ពិន្ទុ។
សូមបញ្ជាក់ថា ក្រុមតោខៀវ Chelsea ត្រូវប៉ះក្រុមភ្ញៀវស្ករគ្រាប់ Everton នៅរាត្រីថ្ងៃព្រហស្បតិ៍នេះវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ។ ៦ប្រកួតក្នុងការជួបគ្នាចុងក្រោយសម្រាប់ក្រុមទាំង២គឺក្រុម Everton ឈ្នះ៣ដង, Chelsea ឈ្នះ២ដង និងស្មើគ្នាម្តង ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)