ព័ត៌មានទាន់ហេតុការណ៍៖

២.៣០០នាក់ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦

ចែករំលែក៖

ខេត្តសៀមរាប ៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅតំបន់អង្គរទទួលអ្នករត់ប្រណាំងសរុបចំនួន ២៣០០នាក់ ក្នុងនោះមានអ្នករត់ ២១០០នាក់ និងអ្នករត់អន្តរជាតិ ដែលស្នាក់នៅក្នុងស្រុកចំនួន ២០០នាក់។ នេះបើយោងតាមបញ្ជាក់ពី ផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា 

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE។ 

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទិដ្ឋភាពទាំងមូលនៃព្រឹត្តិការណ៍រត់ប្រណាំងនេះបានដំណើរការដោយរលូន និងជោគជ័យ ជាពិសេសលើវិធានការកូវីដ-១៩ក៏ត្រូវបានអនុវត្តបានល្អប្រសើរដោយទទួលបានកិច្ចសហការយ៉ាងល្អជាមួយមន្ទីរសុខាភិបាលខេត្ត និងការជួយជ្រោមជែងយ៉ាងខ្លាំងពីអាជ្ញាធរខេត្តសៀមរាប។ «អ្វីជាការកត់សម្គាល់ គឺអ្នចូលរួមរត់ប្រណាំងទាំងអស់បានបង្ហាញនូវក្តីរីករាយជាខ្លាំង និងបង្ហាញនូវមនោសញ្ចេតនារំភើបនៃការផ្លាស់ប្តូរថ្មីនៃសោភ័ណ្ឌភាពទីក្រុងសៀមរាប និងសម្រស់នៃតំបន់អង្គររបស់យើងដែរ»។

លោកបន្ថែមថា ទិវារត់ប្រណាំងពាក់កណ្តាលអង្គរនេះ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមិនមែនជាការប្រកួតកីឡាស្វែងរកឧត្តមភាពលើផ្នែកបច្ចេកទេសនោះទេ ប៉ុន្តែការចូលរួមគឺជារឿងសំខាន់ ក្នុងការជំរុញឲ្យទិវារត់ប្រណាំងនេះបង្កើនបានបន្ថែមបាននូវការគាំទ្រ។ ជាមួយគ្នានេះ ទិវានេះក៏ជួយដល់ប្រភេទកីឡាអត្តពលកម្មនៃក្រុមជម្រើសជាតិកម្ពុជាដែរ ដែលជ័យលាភីលើវិញ្ញាសា២១គីឡូម៉ែត្រគឺអត្តពលិកជម្រើសជាតិកម្ពុជាដណ្តើមបានជ័យលាភីលើវិញ្ញាសានេះ។

គោលបំណងចម្បង កាលពីដើមឡើយនៃទិវារត់ប្រណាំងដ៏ធំ និងមានវ័យចំណាស់ជាងគេមួយនេះរបស់កម្ពុជាមួយនេះ ដែលកាលពីលើកទី១ កាលពីឆ្នាំ១៩៩៦មក គឺទិវានេះត្រូវបានធ្វើឡើងក្នុងបំណងលើកកម្ពស់ជនពិការ ដើម្បីជួយដល់ជនពិការដែលរងគ្រោះដោយសារគ្រាប់មីន ដោយបំណនេះនៅតែរក្សាបានរហូតដល់ពេលនេះរយៈពេលអស់២៦ឆ្នាំមកហើយ។

ព្រឹត្តិការណ៍នេះ គឺលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដាក់ថាជាបុរេលក្ខខណ្ឌ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយទៅដល់ពិភពលោកថា គោលដៅទេសចរណ៍ នៅតំបន់អង្គរនេះ គឺមានសុវត្ថិភាព និងភាពកក់ក្តៅ។ ដូច្នេះសុវត្ថិភាពខ្ពស់នៅតំបន់អង្គរនេះ គឺគ្មានកូវីដ-១៩ទេ ដូច្នេះភ្ញៀវទេសចរណ៍ទាំងអស់អាចចាប់ផ្តើមមកលេង សម្រាប់ទេសចរណ៍ចាក់វ៉ាក់សាំង ខណៈគម្រោងរត់ប្រណាំងអន្តរជាតិ នាចុងឆ្នាំ២០២២នេះនឹងបើកទទួលអ្នករត់យ៉ាងទូលាយទូទាំងពិភពលោកតែម្តង ដោយមិនមានការធ្វើចតាឡីស័កអ្វីទៀតទេ គឺមានតែធ្វើតេស្តរហ័សប៉ុណ្ណោះ ហើយបើមិនមានបញ្ហាអ្វីកើតឡើងទេ ភ្ញៀវទាំងអស់អាចដើរហើរសេរីទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ពីព្រោះថាប្រជាពលរដ្ឋកម្ពុជាមានសំណាងខ្ពស់ជាងគេ ក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ-១៩បានគ្រប់ៗគ្នាទាំងមនុស្សចាស់ និងកុមារ ដែលទាំងអស់នេះគឺជាការយកចិត្តទុក្ខដាក់ខ្ពស់របស់សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យយើងទាំងគ្នាទទួលបានការចាក់វ៉ាក់សាំង និងបានធ្វើសកម្មភាពសេដ្ឋកិច្ច សង្គម រួមទាំងបានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើងវិញផងដែ។

លោក វ៉ាត់ ចំរើន សូមថ្លែងអំណរគុណដ៏ជា្រលជ្រៅចំពោះអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា កងកម្លាំងប្រដាប់អាវុធ មន្ទីរសុខាភិបាលខេត្តសៀមរាប ដៃគូឧបត្ថម្ភធំ Menulife និងសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត និងអង្គការបេះដូងមាស ដែលជួយគាំទ្រធ្វើឲ្យទិវាកីឡាទេសចរណ៍ លើកទី២៦នេះដំណើរការដោយរលូន និងជោគជ័យ។

លោក ចាសស្ទីន ហ៊ែលហ្វឺរិច (Justin Helferich) អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លើកឡើងដែរថា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជា យើងមានមោទនភាពណាស់ដែលបានក្លាយជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនយើង។ នេះជាឆ្នាំទី៨ហើយដែលយើងបន្តការគាំទ្រគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៍នេះដោយផ្ទាល់។ យើងមានទំនួលខុសត្រូវខ្ពស់លើសុខសុវត្ថិភាពរបស់អ្នកចូលរួម ដោយសហការយ៉ាងជិតស្និទជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយថែមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។ «ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តនេះជាបទពិសោធន៍ដ៏ល្អបំផុត ដែលខ្ញុំមិនដែលជួបនៅកន្លែងផ្សេងឡើយនៅលើពិភពលោក។ ខ្ញុំរំភើបចិត្តជាខ្លាំងដែលបានឃើញពីការចូលរួម និងទទួលស្គាល់គ្នាទៅវិញទៅមកពីគ្រប់ជាតិសាសន៍ សាសនា ភេទ អាយុ សមត្ថភាពរាងកាយ និងការចែករំលែកមនុស្សធម៌របស់យើងទៅកាន់អង្គការសប្បុរសធម៌តាមរយៈព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ៕

ដោយ ៖ សិលា


ចែករំលែក៖