ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបានលេបត្របាក់អគាររដ្ឋបាល ទីស្នាក់ការដែនជម្រកសត្វព្រៃព្រះរកាអស់១ខ្នងដែលគេសង្ស័យថាមានគេលួចដុត

ចែករំលែក៖

ខេត្តព្រះវិហារ ៖ អគាររដ្ឋបាល១ខ្នងមានទំហំ៨ម៉ែត្រគុណ២៧ម៉ែត្រដែលជាអគារសម្រាប់បម្រើការងាររដ្ឋបាលឱ្យទីស្នាក់ការដែនជម្រកសត្វព្រៃព្រះរកាត្រូវបានព្រះអគ្គីលេបត្របាក់អស់ទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ។

   អគារនេះបានសាងសង់អំពីឈើ ប្រក់ស័ង្កសី មានទំហំ៨ម៉ែត្រគុណ២៥ម៉ែត្រ ជាអគាររដ្ឋបាលនៅចំណុចទល់មុខក្រុមហ៊ុនចម្ការអំពៅចិន ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ដោយឆេះអស់សម្ភារមានដូចជា រថយន្តសាំយ៉ុង១គ្រឿងដែលជារថយន្តដឹកបទល្មើស មានសាលក្រមតុលាការសម្រេចហើយ, រថយន្តឡង់គ្រីស័រ១គ្រឿង ដែលជាកម្មសិទ្ធិរបស់លោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរកា, ឆេះម៉ូតូចំនួន២គ្រឿង, កុំព្យូទរ័ចំនួន ៣គ្រឿង, ទូទឹកកក១គ្រឿង, ម៉ាសុីនព្រីនធើរ១គ្រឿង, រណារយន្ត១៥គ្រឿង, គ្រាប់សេកាសេ៣៤៥គ្រាប់, តុ, ទូ និងឯកសារមួយចំនួនធំទៀត ។

លោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរកាបានឱ្យដឹងថា ក្រុមមន្ត្រីរបស់លោករួមទាំងរូបលោក បានចេញល្បាត នៅសល់តែលោកយាយចាស់ជាចុងភៅនិងចៅតូចម្នាក់ទៀត ដែលដេកចាំអគារនេះ ស្រាប់តែមានភ្លើងឆេះចេញពីជ្រុងខាងលិចឆេះរាលដាលទាំងអស់សល់តែផេះ ។

   ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះសង្ស័យថាអាចជាករណីគំនុំ គេលួចដុត ៕

ដោយ ៖ វណ្ណៈ

 


ចែករំលែក៖