ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា ដោយបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានា និងបានរកឃេីញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។
ជាក់ស្ដែងមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទៅផ្សារ ស្ថិតក្នុងស្រុកគងពិសី ដោយបានរកឃេីញនិងដកហូតឡេលាបស្បែក ដែលមានស្លាកសញ្ញាមិនត្រឹមត្រូវចំនួន៣០គីឡូក្រាម ដោយបានធ្វេីការផាកពិន័យទៅលេីម្ចាស់ទំនិញតាមនីតិវិធីផងដែរ។
ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីនៃនាយកដ្ឋានកិច្ចការហាឡាលបានចុះត្រួតពិនិត្យនៅទីតាំងសិប្បកម្មផលិតបាយក្ដាំងមួយកន្លែងស្ថិតនៅខណ្ឌច្បារអំពៅក្នុងគោលបំណងត្រួតពិនិត្យអនុលោមភាពរបស់ផលិតផល។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានអញ្ជើញម្ចាស់សិប្បកម្មឱ្យមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ៕
ដោយ៖ស តារា