ភ្នំពេញ៖ បើយោងតាមផេកផ្លូវការ (Cambodia 2023) CAMSOC #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, កីឡាករ លឹម តិចហ៊ុយ មកពីក្លិបកង់រិទ្ធិសែនខេត្តកំពង់ឆ្នាំង ដែលឈ្នះម្ចាស់ជើងឯកលើវិញ្ញាសាកង់គួក លើចម្ងាយផ្លូវ១០៥គីឡូម៉ែត្របានបង្ហាញក្តីរីករាយ ដែលខ្លួនធ្វើបានយ៉ាងល្អ ក្នុងចំណោមការចូលរួម២លើកនៃការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
ម្ចាស់ជ័យលាភីជើងឯកពានរង្វាន់កង់គួក (Elite) ដែលធ្វើសម្រេចក្នុងថិរវេលា ១:៥១:៣១ រូបនេះចាត់ទុកថា នេះគឺជាសមិទ្ធផលថ្មីមួយ បន្ទាប់ពីខ្លួនបានខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងរហូតដល់ឈ្នះជើងឯកលើវិញ្ញាសានេះ។ លឹម តិចហ៊ុយនិយាយថា «កាលពីប្រកួតជើងឯកថ្នាក់ជាតិកីឡាទោចក្រយាន ឆ្នាំមុន ខ្ញុំធ្វើមិនបានល្អទេ ប៉ុន្តែឆ្នាំនេះ ខ្ញុំបានខិតខំអស់ពីសមត្ថភាព ដើម្បីគ្រងជើងឯកលើវិញ្ញាកង់គួក (Elite) នេះជាលើកដំបូងរបស់ខ្ញុំ ហើយតាមរយៈការជ័យជម្នះនេះបានធ្វើឲ្យខ្ញុំសម្រេចក្តីស្រម៉ៃរបស់ខ្ញុំ។ ខ្ញុំប្តេជ្ញាចិត្តថានឹងប្រឹងប្រែងឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានឱកាសនៅក្នុងក្រុមជម្រើសជាតិ ខណៈកម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង»។
ម្ចាស់ជើងឯកវ័យ២៥ឆ្នាំរូបនេះបានកត់សម្គាល់ឃើញថា ការរៀបចំរបស់សហព័ន្ធខ្មែរកីឡាទោចក្រយានបានយ៉ាងល្អប្រសើរខ្លាំងណាស់ ព្រោះគ្រប់ស្ថានភាពផ្លូវប្រកួតត្រូវបានរៀបចំមានរបៀបរៀបរយពីកម្លាំងមានសមត្ថកិច្ច និងក្រុមម៉ូតូធំ BMW នាំក្បួនប្រកួត ព្រមទាំងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធ ដែលធ្វើឲ្យកីឡាករដែលចូលរួមរួមទាំង កីឡាករ លឹម តិចហ៊ុយ អាចប្រកួតប្រជែងសម្រួចតែលើការប្រកួត និងគ្មានក្តីបារម្ភពីគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។ «នៅក្នុងការប្រកួតនេះគឺខ្ញុំរក្សាបានថាមពលកម្លាំងបច្ចេកទេស ប្រមាណ ៤០គីឡូម៉ែត្រដំបូង ហើយបន្ទាប់ពីនេះរាងធ្លាក់ចុះល្បឿនបន្តិច ប៉ុន្តែនៅចំណុចជាច្រើនគីឡូម៉ែត្រជិតដល់ទីផ្តាច់ព្រ័ត្រ ខ្ញុំក៏ប្រឹងប្រែងបង្កើនល្បឿនឡើងវិញ រហូតដល់ឈ្នះជើងឯកតែម្តង ខណៈកីឡាករជ័យលាភីពីចំណាត់ថ្នាក់លេខ២ ស្រ៊ុន វណ្ណៈ មកពីក្លិបរិទ្ធិសែនខេត្តកំពង់ឆ្នាំងដូចគ្នា និងលេខ៣ អៀ ពូអ៊ូ មកពីក្លិបកង់មានជ័យ ដោយចាញ់តែតិចតួចបំផុត ពោលគឺ ១:៥១:៣១, ១:៥១:៣២ និង ១:៥១:៣៣ប៉ុណ្ណោះ។
សូមបញ្ជាក់ថា កីឡាករ លឹម តិចហ៊ុយ ដែលឈ្នះជើងឯកនេះ គឺជិះកង់របស់ខ្លួន ដែលមានតម្លៃជាង១៤០០០ដុល្លារអាម៉េរិក៕
ដោយ ៖ សិលា