ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានប្រគល់សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នៅរាជធានីភ្នំពេញ ដែលមន្ទីរពេទ្យនីមួយៗទទួលបាន ជែលលាងដៃចំនួន ១០០កេស, អាវវេជ្ជសាស្ត្រចំនួន ២០០សម្រាប់ និងអាវពេទ្យចំនួន ២០០សម្រាប់។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ការថ្លែងអំណរគុណ និងកោតសរសេីរចំពោះថ្នាក់ដឹកនាំ-បុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់សែននាក់ ជាពិសេសបានរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាការចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិឡេីងវិញតាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានេះ តំណាងមន្ទីរពេទ្យទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភសម្ភារចាំបាច់ទាំងអស់នេះ ដេីម្បីយកទៅប្រេីប្រាស់ទៅតាមសេចក្តីត្រូវការចំពោះមុខ៕
ដោយ៖ស តារា