ខេត្តកំពង់ស្ពឺ៖ អំពើហិង្សាក្នុងវង់ផឹកស៊ីឌឺដងពាក្យសម្តីបណ្តាលឲ្យកើតជាទំនាស់ឈានដល់ការកាប់ចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យបុរសម្នាក់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់កំពុងជួយសង្គ្រោះ។
អំពើហិង្សាកាប់ចាក់សម្លាប់គ្នាខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៩និង៣៨នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នៅចំណុចភូមិ អណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថាអំពើហិង្សាខាងលើនេះបង្ករឡើងដោយឈ្មោះ ង៉ែត សុខសាន្ត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើបានយកកាំបិតចិតបន្លែ ចាក់ទៅលើឈ្មោះ វ៉ែន វ៉ាន់ ភេទប្រុស អាយុ ៤០ឆ្នាំ ដែលត្រូវជាបងថ្លៃ រស់នៅក្នុងភូមិឃុំខាងលើជាមួយគ្នាចំនួន២កាំបិត ត្រូវដើមដៃខាងឆ្វេង និងក្រោមដោះខាងស្តាំ បណ្តាលឱ្យស្លាប់។
លោកអធិការនគរបាលស្រុកបានឱ្យដឹងបន្តទៀតថា៖ មុនពេលកើតហេតុ ឈ្មោះ វ៉ែន វ៉ាន់ បានអង្គុយផឹកស៊ីនៅផ្ទះរបស់ខ្លួនមានគ្នា២នាក់ទៀតកំពុងអង្គុយផឹកដែរហើយឈ្មោះ ង៉ែត សុខសាន្ត មកនិយាយឌឺដងចុះឡើងក៏កើតជាជម្លោះ ហើយជនបង្កបានយកកាំបិតចុងស្រួចមកជន្លរលើឈ្មោះ វ៉ែន វ៉ាន់ ពេលនោះឈ្មោះ វ៉ែន វ៉ាន់ បានរត់ទៅយកពូថៅពីក្នុងផ្ទះមកកាប់លើឈ្មោះ ង៉ែត សុខសាន្ត ហើយឈ្មោះ ង៉ែត សុខសាន្ត បានចាក់ទៅឈ្មោះ វ៉ែន វ៉ាន់ បណ្តាលឱ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុក។ ចំណែកឈ្មោះ ង៉ែត សុខសាន្ត រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ(ភ្នំពេញ)៕
ដោយ៖ចន្ទ លីហ្សា