ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងដ៏ល្បីល្បាញ Gaspard Ulliel ស្លាប់ក្នុងវ័យ៣៧ឆ្នាំដោយគ្រោះថ្នាក់ពេលជិះស្គីនៅបារាំង

ចែករំលែក៖

តារាសម្តែងដ៏ល្បីល្បាញជនជាតិបារាំង Gaspard Ulliel គឺជាតួឯកនៅក្នុងសាច់រឿងទូរទស្សន៍ Moon Knight របស់ក្រុមហ៊ុន Marvel ដែលជិតដាក់បញ្ចាំងទៅហើយនោះ។

តាមប្រព័ន្ធផ្សព្វផ្សាយបារាំង នៅយប់ថ្ងៃទី១៩ខែមករាបានផ្សាយថា លោក Gaspard Ulliel បានស្លាប់ក្នុងវ័យ៣៧ឆ្នាំ ដោយគ្រោះថ្នាក់ពេលជិះស្គីនៅលើភ្នំAlps ក្នុងប្រទេសបារាំង។ តារាសម្តែងរូបនេះបានប៉ះទង្គិចខ្លាំងជាមួយអ្នកជិះស្គីលើព្រិលផ្សេងទៀតបណ្តាលឱ្យប៉ះពាល់ខ្លាំងដល់ខួរក្បាល ។ ក្រោយមក តារាសម្តែង Gaspard Ulliel ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ Grenoble
ដោយឧទ្ធម្ភាគចក្រ។ នៅថ្ងៃទី១៩ ខែមករា តារាសម្តែងរូបនេះក៏បានស្លាប់ដោយសាររបួសធ្ងន់ពេក។
តារាសម្តែង Gaspard Ulliel ជាតារាដ៏ល្បីល្បាញក្នុងវិស័យសិល្បៈភាពយន្ត ក្នុងតំបន់អឺរ៉ុបទាំងមូល មិនមែនតែប្រទេសបារាំងនោះឡើយ។ លោកធ្លាប់បានដើរតួសម្តែងល្បីៗជាច្រើន ដូចជា អ្នកច្នៃម៉ូដសម្លៀកបំពាក់ Yves Saint Laurent ក្នុងខ្សែភាពយន្ត Saunt Laurent និងខ្សែភាពយន្ត It’s Only the End of The World ទទួលបានការគាំទ្រគោរពស្រឡាញ់កោតសរសើរយ៉ាងខ្លាំង។ លោកសម្តែងជាតួដែលល្បីជាងគេនោះគឺ Hannibal Lector កាលពីក្មេង ក្នុងខ្សែភាពយន្ត Hannibal Rising ។
ពេលថ្មីៗនេះលោក Gaspard Ulliel បានដើរតួជា Midnight Man គឺជាតួឯករងដ៏សំខាន់ទន្ទឹមនឹងតួឯកក្នុងខ្សែភាពយន្ត Moon Knight ដែលជិតចាប់ផ្តើមដាក់បញ្ចាំងហើយនោះ។
លោក Thierry Fremaux អគ្គនាយកមហោស្រពភាពយន្តCannes បានលើកឡើងថា «តារា Gaspard Ulliel គឺជាអ្នកជំនាន់ក្រោយនៃតារាសម្តែងដែលបានជួយបង្កើនអនាគតសម្រាប់វិស័យសិល្បៈនៅប្រទេសបារាំងនិងអឺរ៉ុប យើងមិនអាចបំភ្លេចគាត់ឡើយ»។
លោក Gaspard Ulliel ធ្លាប់ទទួលបានពានរង្វាន់ Cesar ជាតារាសម្តែងបុរសមានកិត្យានុភាព ក្នុងឆ្នាំ២០០២និង ២០០៣ ។ ដល់ឆ្នាំ២០០៤ តារារូបនេះទទួលបានជោគជ័យក្នុងខ្សែភាពយន្ត A Very Long Engagement។ នៅឆ្នាំ២០១៧ តារារូបនេះទទួលបានពានរង្វាន់ Cesar ជាតួឯកល្អបំផុតក្នុងខ្សែភាពយន្ត It’s Only the End of the World។ ក្រៅពីនេះក៏ទទួលបានពានរង្វាន់ជាច្រើនទៀត ក្នុងអាជីពជាតារាភាពយន្តដែរ៕ ដោយសាធី


ចែករំលែក៖