ខេត្តកំពត៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ កម្លាំងជំនាញជារៀងរាល់ថ្ងៃតែងតែចុះត្រួតពិនិត្យតាមផ្សារនានា នៅក្នុងស្រុក ខេត្ត ក្រុង ជាពិសេសតាមច្រកព្រំដែន។
ជាក់ស្ដែងមន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពត កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នាថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ បានចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។
យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។
ក្រោយប្រតិបត្តិការចប់បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត៕
ដោយ៖សហការី