ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានធ្វេីសកម្មភាពឆក់យកកាបូបស្រីស្អាតម្នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវបានសម្រេច ហើយព្យាយាមរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែបន្តិចក្រោយមកត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវបង្ក្រាបបានវិញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទហតឡាញថា នៅចំណុចម្តុំរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យម្នាក់ជិះម៉ូតូ០១គ្រឿងម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់យកកាបូបពីនារីជនជាតិខ្មែរម្នាក់ដែលកំពុងជិះម៉ូតូ០១គ្រឿង ម៉ាក SCOOPY ពណ៌ផ្កាឈូក រួចជិះរត់គេចខ្លួនបាត់ទៅ។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុចម្តុំខ្លោងទ្វារវត្តលើ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ចំពោះសម្ភារបាត់បង់រួមមានកាបូបស្ពាយ ០១ ក្នុងនោះមាន៖
-កាបូបដៃ១
-ទូរស័ព្ទដៃ១គ្រឿងម៉ាក IPHONE 6PLUS ពណ៌ទឹកប្រាក់
-កាតចាក់វ៉ាក់សាំង១សន្លឹក
-ឯកសារមួយចំនួន ។
ក្រោយឃាត់ខ្លនជនសង្ស័យ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំ ដេីម្បីចាត់ការតាមច្បាប់ ៕
ដោយ៖សហការី