ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យលួចរថយន្តនៅស្រុកស្នួល ខេត្តក្រចេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ ៖  ជនសង្ស័យក្នុងអំពើលួច(រថយន្ត)ត្រូវបាននគរបាលស្រុកស្នួលតាមស្វែងរកឃាត់ខ្លួនបានហើយ ទោះជាព្យាយាមគេចខ្លួនដល់ក្រហែងមេឃណាក៏ដោយ។ 

សូមបញ្ជាក់ថា, សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុក នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ បានតាមស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ សឿន សា អាយុ៣៤ឆ្នាំ រស់នៅភូមិអំពុក ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និង ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធអំពើលួច)។

ក្នុងប្រតិបត្តការប្រដេញតាមចាប់ឃាត់ខ្លួននេះនគរបាលបានចាប់យកវត្ថុតាងរួមមាន ៖ រថយន្ត០១គ្រឿង ម៉ាកឆ្លាម ពណ៌ទឹកមាស ស៊េរីឆ្នាំ១៩៩៧ ស្លាកលេខភ្នំពេញ2J.2042  ដែលជនសង្ស័យបានធ្វើសកម្មភាពលួច ពេលម្ចាស់រថយន្តបានចតទុកនៅក្បែរផ្លូវចំណុចគីឡូម៉ែត្រ៩៤ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងបានព្យាយាមជិះរត់គេចតែមិនបានសម្រេច។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ចំពោះមុខសញ្ញាចាស់ ប្រព្រឹត្តមិនរាងចាល ហើយជាប់គុកដោយសារតែអំពើលួចនេះ៕

ដោយ ៖ សិលា


ចែករំលែក៖