ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)..

៤-សម្លៀកបំពាក់ធ្វើការងារ ÷ ពេលដែលទៅបំពេញភារកិច្ចការបណ្តារាជការធំ តូច ទាំងឡាយគប្បីស្លៀកពាក់ឱ្យសមរម្យដើម្បីឲ្យប្រជារាស្រ្តអាចស្គាល់បានថាជាមន្ត្រីដោយឬកពា និងដោយសម្លៀកបំពាក់ដ៏ស្អាតបាតត្រឹមត្រូវ។ នៅក្នុងមន្ទីរ ស្តីការ នីមួយៗ បើអស់លោកស្លៀកពាក់មានរបៀបរៀបរយល្អនោះ ជនដទៃដែលគេចូលទៅជួន គេរមែងមានសេចក្តីកោតញញើតដោយឃើញរបៀបរៀបចំទីកន្លែងធ្វើការនិងរបៀបរៀបចំខ្លួនប្រាណសមរម្យល្អ។

 បើយើងមានការចង់ទៅជួបនឹងលោកណាមួយដែលមានយសស័ក្តិខ្ពស់ជាងយើងនោះ យើងគប្បីរៀបចំសម្លៀកបំពាក់ឲ្យបានសមរម្យ គឺថាបើតែងខ្លួនជាខ្មែរក្តីជាបារាំងក្តី ក៏ត្រូវតែឱ្យមានសណ្ដាប់ធ្នាប់ជាដរាប។ 

 ឱបមាថាយើងចង់ទៅជួបនឹងលោករដ្ឋមន្ត្រី ឬចៅហ្វាយខេត្ត ឬចាងហ្វាងសាលា ឬនាយក្រុមណាមួយ ដោយមានការរាជការឬការផ្ទាល់ខ្លួននោះ ត្រូវតែយើងស្លៀកពាក់ឲ្យបានត្រឹមត្រូវ។ចំណែកលោកជាអ្នកធំវិញយើងមិនត្រូវរិះគន់លោកទេ។ក្នុងពេលដែលលោកឈប់សម្រាកនៅផ្ទះព្រោះលោកពុំអាចជ្រាបបានជាមុនយើងទៅជួបនឹងលោក   ចុះបើក្នុងពេលធ្វើការវិញលោកក៏គង់រៀបចំខ្លួនប្រាណឱ្យបានត្រឹមត្រូវរាល់ពេលវេលាដែរ ដោយលោកមានការប្រយ័ត្នក្រែងមានភ្ញៀវពន្លឺចូលមកជួប។

 ៥-សម្លៀកបំពាក់ដើរកម្សាន្ត÷

 ដែលហៅថាបើកម្សាន្តគឺយើងដើរដើរលំហែកាយ យកខ្យល់អាកាសតាមមាត់ទន្លេ មាត់ស្ទឹង មាត់បឹងមាត់ព្រែក សួនផ្កា ឬទីវាលឯណាមួយ។ល។ក្រោយពេលដែលយើងធ្វើការហត់នឿយព្រោះចិត្តព្រួយគំនិតដោយហេតុផ្សេងៗយើងដើរទៅលេងទីនោះ ឬអង្គុយសម្រាកកម្លាំង ឬឈរមើលទឹកនិងព្រៃព្រឹក្សាបុប្ផាលតាវល្លិដែលប្រកបដោយពណ៌ល្អមើលទាំងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់។ វត្ថុទាំងនេះជាគ្រឿងលំហែទុកសម្រាប់បំភ្លេចទុក្ខបំភ្លេចសេចក្តីនឿយព្រួយបំភ្លេចកង្វល់ទាំងឡាយទាំងពូងបានមួយគ្រាៗ។

 មិនតែប៉ុណ្ណោះទេអ្នកដែលមានជំងឺឈឺស្កាត់ស្គមដូចជាឈឺសួតជាដើម ក៏ត្រូវដើរទៅផ្លាស់អាកាសធាតុម្តងៗងដែរ តាមតម្រាវេជ្ជសាស្ត្រដែលលោកបានកម្រិតទុកមក ។

 តទៅទៀតនៅបន្ទាប់ពីការងារនឿយហត់ បន្ទាប់ពីពេលដើរលេងសម្រាកកម្លាំងកាយ និងគំនិត មានការចង់បរិភោគចំណីអាហារដ៏មានឱជារសឆ្ងាញ់ពិសា នឹងបានចម្រើនកម្លាំងប្រកបការតទៅនោះ ត្រូវយើងស្វែងរកភោជនាគារ(ផ្ទះលក់បាយ)ណាដែលមានឈ្មោះល្បីខាងធ្វើម្ហូបចំណីអាហារគ្រប់បែបគ្រប់យ៉ាងអាស្រ័យ។

 ដំណើរកម្សាន្តរបស់យើងទាំងនេះក៏ជាការសម្ដែងឫកពាចំពោះមុខមហាជនទាំងឡាយទាំងពួង។ អ្នកទាំងពួងក៏មានការដើរលេងដូចៗគ្នាក្នុងពេលត្រូវគ្នា។ដូច្នេះយើងទាំងអស់គ្នាគប្បីស្លៀកពាក់ឱ្យសមរម្យឱ្យជាទីគោរពដល់គ្នានឹងគ្នាទៅវិញទៅមក ព្រោះបើស្លៀកពាក់មិនសមរម្យនិងរាប់ថា ជាសុភាពរៀបរយក៏ពុំបាន  ទាំងឲ្យរំខានដល់មិត្តភ័ក្តិដែលជួបប្រទះគ្នានៅទីនោះៗផង។

 ឧបមាដូចជាមានមិត្តបីនាក់កំពុងសន្ទនាគ្នានៅក្នុងសួនមួយកន្លែងអ្នកទាំងនេះស្លៀកពាក់ចុះបែបថែមមានអារ្យធម៌សម័យនិយមសមរម្យជាអ្នកមានឫកសុភាពខ្ពង់ខ្ពស់  ហើយមានម្នាក់ទៀតដើរមកទីនេះដែរតែស្លៀកសារុងពាក់អាវកាក់ បង់កក្រមាពព្លាក់មកឈប់ឈរនិយាយផងយ៉ាងនេះឃើញថាមិនសមរម្យមិនល្អមើលដល់ភ្នែកអ្នកដទៃដែលគេមករកកន្លែងអាស្រ័យសម្រាកសម្រាន្តកម្សាន្តចិត្តដូចយើងដែរ។

 នេះហើយឃើញថា ក្នុងពេលដែលកម្សាន្តសប្បាយក៏ត្រូវស្លៀកពាក់ឲ្យត្រឹមត្រូវទើបមិនទើសភ្នែកគេឯង ទាំងជនអារ្យបរទេស ក៏គេមានពាក្យសរសើរដល់ជាតិដល់ប្រទេសយើងពុំខាន។ បើពុំធ្វើដូច្នេះទេនឹងមានពាក្យគេរិះគន់ថាប្រទេសយើងនេះមានពលរដ្ឋនៅល្ងង់ខ្លៅច្រើនណាស់ តាំងតែពីសម្លៀកបំពាក់ឡើងទៅ។

 ប្រមូលសេចក្តីទៅឃើញសម្លៀកបំពាក់ដើរលេង ដើរមើលបុណ្យផ្សេងៗ ប្រុសក្តី ស្រីក្តី គប្បីតែងខ្លួនឲ្យល្អមើល ឲ្យត្រូវភ្នែកអ្នកផងទាំងពួង គឺថាបើប្រសិនជាយើងរៀបចំខ្លួនតាមជនអារ្យប្រទេស ឃើញថារុងរឿងល្អក្នុងប្រទេសយើង។

 ប្រុសស្លៀកខោជើងវែងស្បែកជើង ស្រោមជើង អាវដៃវែងឬ ដៃខ្លីចងក្រវាត់ឬអត់ក្រវាត់ក៏បាន ឬពាក់អាវហោប៉ៅ៤ ដៃខ្លីក៏បាន។ ចំណែកស្ត្រីក៏តែងខ្លួនតាមសម័យថ្មី  មានពាក់អាវបែបទំនើបប្លែកគ្នាតាមរចនាសូម្បីតែកូនចៅតូចៗដែលទើបនឹងចេះដើរចេះរត់ក៏ត្រូវតែរៀបចំខ្លួនប្រាណវាឲ្យសមតាមសម័យ ឲ្យបានស្អាតបាតល្អដែរ ដូចជាដើរមើលបុណ្យផ្សេងៗមានតាំងតុ ឬអុំទូកជាដើមនោះ គួរតែងខ្លួនប្រាណឱ្យល្អបន្តិចឡើងទៀត គឺល្អដោយសាច់សំពត់និងពណ៌សំពត់ដែលយកមកកាត់អាវ។(នៅមានត)

(ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖