ព័ត៌មានទាន់ហេតុការណ៍៖

តំណាងក្រសួងអប់រំវាយតម្លៃខ្ពស់ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានបញ្ចប់ប្រកបដោយផ្លែផ្កា

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក(Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣ #កីឡារស់ក្នុងសន្ដិភាព_SPORT:_LIVE_IN_PEACE បង្ហោះនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការសាទរចំពោះសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលបានរៀបចំកម្មវិធីប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ បានបញ្ចប់ដោយផ្លែផ្កា នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ។ ការប្រកួតនេះ គឺដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងបច្ចេកទេសខ្ពស់ សម្រាប់យកទៅហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិត្រៀមការប្រកួតអន្តរជាតិនានា ក៏ដូចជាត្រៀមឆ្ពោះទៅការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តំណាងក្រសួងអប់រំ យុវជន និងកីឡារូបនេះ ក៏បានលើកឡើងថា ក្រសួងបានធ្វើកំណែទម្រង់លើ ៣ចំណុចគឺ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្ដុះបណ្ដាលធនធានមនុស្ស និងកំណែទម្រង់ការប្រកួត មិនតែប៉ុណ្ណោះសម្ដេចតេជោបានយកចិត្តទុកដាក់លើរបបឧបត្ថម្ភប្រចាំខែ ដោយបានផ្ដល់ថវិកាគាំទ្រ ដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ។ នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ គឺមានចំនួន៤២សហព័ន្ធកីឡាជាតិ ដែលទទួលបានថវិកាគាំទ្រពីរាជរដ្ឋាភិបាល ខណៈសហព័ន្ធកីឡាចំបាប់កម្ពុជា ក៏បានទទួលថវិកាគាំទ្រពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ននេះដែរ។

លើសពីនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្ដល់ប្រាក់បំប៉នក្រុមជម្រើសជាតិ ជម្រើសយុវជនថ្នាល និងបានផ្ដល់ប្រាក់រង្វាន់សម្រាប់ជ័យលាភី លើការប្រកួតអន្តរជាតិនានាជាច្រើន ធ្វើឱ្យវិស័យកីឡា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្រាប់៤២សហព័ន្ធកីឡាជាតិ ក្នុងឆ្នាំ២០២១ ក្រសួងអប់រំ បានផ្តល់ថវិកាគាំទ្រសរុបចំនួន ៣,១០០លានរៀល ក្នុងនោះសហព័ន្ធកីឡាចំបាប់កម្ពុជា ក៏បានទទួលថវិកា ៨០លានរៀល សម្រាប់ដំណើរការការងារទ្រទ្រង់ដល់សហព័ន្ធ លើផ្នែករដ្ឋបាល បណ្ដុះបណ្ដាលធនធានមនុស្ស និងរៀបចំការប្រកួត។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហាញរបាយការណ៍បច្ចេកទេសថា យោងតាមផែនការមេ ផែនការសកម្មភាពប្រចាំឆ្នាំ និងផ្អែកទៅលើស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន សហព័ន្ធកីឡាចំបាប់កម្ពុជា បានពន្យារពេលការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ រហូតមកដល់ពេលនេះ ដោយអនុវត្តតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ដើម្បីធ្វើការអភិវឌ្ឍប្រភេទកីឡាចំបាប់នូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស អាជ្ញាកណ្តាល ចៅក្រម កីឡាករ កីឡាការិនី ឱ្យទទួលបានលទ្ធផលល្អ គុណភាពល្អ គុណផលខ្ពស់ ជាក់ស្តែង ដូចព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ នាពេលនេះជាដើម ដែលមានក្លិបកីឡាចូលរួមចំនួន៤ មកពី២រាជធានី-ខេត្ត ដោយមានកីឡាករចំនួន ៣៥នាក់ (កីឡាការិនី ១០នាក់)។

លោក ធិន វិចិត្រ បន្ថែមថា ផ្អែកតាមលក្ខណៈបច្ចេកទេសនៃការប្រកួតកីឡាចំបាប់ រយៈពេល៤ថ្ងៃកន្លងមក លោកសង្កេតឃើញថា កីឡាករ កីឡាការិនី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបញ្ចេញសមត្ថភាពប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ តាមគោលការណ៍ Fair Play របស់គណៈកម្មការបច្ចេកទេស។ ជាមួយគ្នានោះ គណៈកម្មការបច្ចេកទេស ក៏បានបង្ហាញលទ្ធផលជ័យលាភី សរុបចំនួន ១១វិញ្ញាសា ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖