ព័ត៌មានទាន់ហេតុការណ៍៖

ខេមរៈសិរីមន្តរៀបចំពិធីបុណ្យខួបគម្រប់៣ឆ្នាំឲ្យប្អូនស្រី ខេមរៈ ស្រីពៅ នៅស្រុកកំណើត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០២២ តារាចម្រៀង ខេមរៈ សិរីមន្ត និងក្រុមគ្រួសារបានរៀបចំពិធីបុណ្យខួបគម្រប់៣ឆ្នាំ នៃមរណភាពសម្រាប់ប្អូនស្រីយ៉ាងអធឹកអធមផងដែរ ដែលកម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅស្រុកកំណើត ឃុំគរ ស្រុកព្រៃឈរខេត្តកំពង់ចាម ដោយមានការរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណីសាសនា និងកម្មវិធីសិល្បៈមួយចំនួនផងដែរ។

  គេចាំបានដែរថាអស់រយៈពេល៣ឆ្នាំហើយដែលមរណភាពដ៏សោកសង្រេងរបស់ប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្តគឺតារាចម្រៀង ខេមរៈ ស្រីពៅ ដែលនៅតែជាការចងចាំមួយរបស់ទស្សនិកជន។ ទោះជាយ៉ាងណាមុននេះលោកខេមរៈសិរីមន្តបានបញ្ជាក់នៅលើគណនីយហ្វេសប៊ុករបស់លោកថា “បុណ្យខួបបីឆ្នាំរបស់ប្អូនស្រីខេមរៈស្រីពៅសូមកុសលផលបុណ្យបានប្អូនកុំបីខានឡើយយប់នេះដឹងតែសប្បាយហើយមានល្ខោនផងមានចាប៉ីផងមានតន្រ្តីផង”។ ក្នុងនេះដែរគេក៏សង្កេតឃើញមានវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួមយ៉ាងច្រើនកុះករផងដែរ។ 

  កម្មវិធីបុណ្យគម្រប់ខួប៣ឆ្នាំនេះដែរបានធ្វើឲ្យគេនឹកគិតដល់គ្រាដែលនាងទទួលមរណភាពគឺទទួលបានការអាណិតស្រលាញ់ សោកស្តាយខ្លាំងពីមហាជនគ្រប់ស្រទាប់វណ្ណៈ ព្រោះតែគ្រានាងប្រឡូកក្នុងអាជីពសិល្បៈនាងបានសាងទាំងភាពល្បីល្បាញ កេរ្តិ៍ឈ្មោះល្អប្រពៃក្នុងនាមជាសិល្បករមួយរូប។ 

គួរបញ្ជាក់ដែរថាតារាចម្រៀងស្រីវ័យក្មេង កញ្ញា ខេមរៈ ស្រីពៅ ដែលបានធ្លាក់ខ្លួនឈឺអស់រយៈពេល ជាច្រើន ឆ្នាំនិង បានទទួលមរណភាពនាថ្ងៃរសៀលថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៩។ គ្រានោះក្នុងអាយុ២៨ឆ្នាំដែលសពត្រូវបានដឹកមកពីប្រទេសឥណ្ឌាដែលជាទីកន្លែងនាងព្យាបាលជំងឺនោះ។ ទស្សនិកជននៅតែចងចាំតារាចម្រៀងរូបនេះទុកនៅក្នុងចិត្តដែលសូម្បីតែបទចម្រៀងរបស់នាងក៏ត្រូវបានទស្សនិកជនមួយចំនួននិយមស្តាប់កម្សាន្តដដែល៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖