ព័ត៌មានទាន់ហេតុការណ៍៖

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អូស្ត្រាលីលោក Arnold នឹង​អវត្តមាន​ក្នុង​ការ​ប្រកួតជម្រុះ World Cup ពេលប៉ះ​ប្រទេស​វៀតណាម​បន្ទាប់​ពី​ធ្វើ​តេស្ត​វិជ្ជមាន COVID-19

ចែករំលែក៖

លោក Graham Arnold គ្រូបង្វឹកអូស្ត្រាលីនឹងអវត្តមានក្នុងការប្រកួតជម្រុះ World Cup ដ៏សំខាន់របស់ក្រុមអូស្ត្រាលីជាមួយវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន COVID-19។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់អូស្ត្រាលី ​​Football Australia ។

លោក Graham Arnold បានស្ថិតនៅដាច់ដោយឡែកពីគេមុនការប្រកួតនៅទីក្រុង Melbourne ហើយនឹងត្រូវបានជំនួសដោយជំនួយការរបស់គាត់គឺលោក Rene Meulensteen ។

អង្គភាពគ្រប់គ្រងបាល់ទាត់អូស្ត្រាលីបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Arnold ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ បានទទួលការធ្វើតេស្តកាលពី១០ថ្ងៃមុន ហើយមិនមានរោគសញ្ញា និងត្រូវបានដាច់ដោយឡែកពីបុគ្គលិកក្រុមបន្ទាប់ពីទទួលបានលទ្ធផលត្រឡប់មកវិញនៅពេលគាត់មកដល់ទីក្រុង Melbourne កាលពីចុងសប្តាហ៍មុន។ បុគ្គលិក និងកីឡាករនៅក្នុងទីក្រុង Melbourne ក៏បាននៅដាច់ដោយឡែកក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ហើយចាប់តាំងពីពេលនោះមកបានធ្វើការធ្វើតេស្ត PCR ចំនួន៣ជុំមុនការប្រកួតមកដល់”។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអូស្ត្រាលី​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពូល B នៃ​វគ្គ​ជម្រុះ World Cup តំបន់​អាស៊ី។ មានតែក្រុមបញ្ចប់ការប្រកួតលេខ១ និងលេខ២ក្នុងពូលប៉ុណ្ណោះដែលត្រូវបានធានាដើម្បីឈានទៅលេងនៅប្រទេសកាតានៅចុងឆ្នាំនេះ។ សម្រាប់ពូល B នេះមានអារ៉ាប៊ីសាអ៊ូឌីតកំពុងឈរលេខ១ក្នុងពូលមាន១៦ពិន្ទុ, ជប៉ុនឈរលេខ២ មាន១២ពិន្ទុ និងអូស្ត្រាលីឈរលេខ៣ មាន១១ពិន្ទុទៀត។ បន្ទាប់​ពី​ទទួល​បាន​វៀតណាមនៅ​ថ្ងៃ​ព្រហស្បតិ៍នេះ អូស្ត្រាលី​ត្រូវធ្វើ​ដំណើរ​ទៅ​ក្រុង Muscat ដើម្បី​ប៉ះ​ក្រុមជម្រើសជាតិ​អូម៉ង់​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖