ភ្នំពេញ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តជាថ្មី ក្នុងការជំរុញផែនការដណ្ដើមមេដាយមាស ៩គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ការតាំងចិត្តដ៏មុតមាំនេះ ស្របទៅនឹងការកំណត់សន្ទសន៍មេដាយរបស់គណៈកម្មាធិការជាតិ CAMSOC ដែលតម្រូវឲ្យកីឡាដ៏មានសក្ដានុពលមួយនេះ ត្រូវដណ្ដើមមេដាយមាស ៩គ្រឿងជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ។ នេះបើតាម ផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។
ការលើកឡើងរបស់ប្រមុខសហព័ន្ធខាងលើ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នៅទីលាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ។
លោក អ៊ូ រតនា បញ្ជាក់ថា ក្រៅពីការហ្វឹកហាត់ ការប្រកួតពិតជាមានសារៈសំខាន់ណាស់ សម្រាប់កីឡាករ-កីឡាការិនី ដើម្បីអភិវឌ្ឍន៍ និងបង្កើតសមត្ថភាពកីឡាករ-កីឡាការិនី រួមទាំងចៅក្រម-អាជ្ញាកណ្ដាលផងដែរ ។ តាមរយៈនេះ សហព័ន្ធនឹងស្វះស្វែងរកលទ្ធភាព និងកៀគរការឧបត្ថម្ភគាំទ្រពីសំណាក់ដៃគូពាក់ព័ន្ធ ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ឆ្ពោះទៅរកមេដាយលើឆាកអន្ដរជាតិ ជូនប្រទេសជាតិ ។
លោកបន្ដថា សហព័ន្ធកំពុងតែខិតខំអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី គ្រប់ឈុត សម្រាប់ត្រៀមស៊ីហ្គេម ទាំងជម្រើសជាតិថ្នាល រហូតដល់ក្រុមធំ និងតាមបណ្ដាសមាគម/ក្លិបគ្រប់រាជធានី-ខេត្ត ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមពាក្យស្លោក «កម្ពុជឆ្ពោះទៅរកដណ្ដើមមេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងប្រជាជនម្នាក់ លេងកីឡាមួយយ៉ាងតិចប្រចាំជីវិត» ។
លោកប្រធានសហព័ន្ធ បានធ្វើការតាំងចិត្ត និងប្ដេជ្ញាចិត្តថា «ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបប្រទេសកម្ពុជា បានទទួលសិទ្ធធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្ដ្រ ។ ដូច្នេះមន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរួមគ្នាប្ដេជ្ញានឹងស្វែងរកមេដាយមាសជូនជាតិឲ្យបាន ៩គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា» ។
ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ រួមទាំងការកៀគរការឧបត្ថម្ភគាំទ្រពីវិស័យឯកជននានា ។ រីឯគណៈកម្មាធិការជាតិ CAMSOC ក៏កំពុងរង់ចាំ និងការឧបត្ថម្ភគាំទ្រនូវគ្រូបង្វឹកកម្រិតខ្ពស់មកពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក សម្រាប់ជួយពង្រឹងការងារហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចគោលដៅនាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។
លោកមានប្រសាសន៍ថា «គ្រូបង្វឹកល្អ គឺជាថ្នាក់ដឹកនាំដ៏ល្អ ដែលនាំផ្លូវកីឡាករទៅរកជយលាភី ។ អ៊ីចឹងយើងបានសម្រេចឆ្ពោះទៅរកកំពូលគ្រូរបស់សហព័ន្ធកីឡាវ៉ូវីណាមពិភពលោក និងត្រៀមមកក្នុងពេលឆាប់ៗ ហើយយើងក៏ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ផងដែរ ដែលការប្រកួត Pre-Sea Games នេះ គ្រោងរៀបចំនាដើមឆ្នាំ២០២៣ ដើម្បីបញ្ជាក់ច្បាស់ថា តើគោលដៅ ៩មេដាយមាសបាន ឬក៏អត់?» ។
បែបននេះក្ដី លោក វ៉ាត់ ចំរើន នៅតែកោតសរសើរ និងចាត់ទុកកីឡាវ៉ូវីណាម គឺជាកីឡាដ៏មានសក្ដានុពលមួយ សម្រាប់ត្រៀមស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ក៏ដូចជាដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីសហព័ន្ធរៀបចំបានល្អ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ពិសេសការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល-ចៅក្រម ។ ត្រង់ចំណុចនេះ ឯកឧត្តមសង្ឃឹមថា កីឡាវ៉ូវីណាម នឹងក្លាយជាកីឡាដ៏មានប្រជាប្រិយភាពរបស់ប្រទេសកម្ពុជា នាស៊ីហ្គេម ឆ្នាំ២០២៣ ។
សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នេះវិញ ក្រោយឆ្លងកាត់ការប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២២ ដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨៦នាក់ មកពី ៩សមាគម/ក្លិប និងក្រសួង ចំពោះលទ្ធផលបច្ចេកទេសរួមមាន៖ ក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០គ្រឿង (មាស ៦, ប្រាក់ ១ និងសំរឹទ្ធ៣) ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២) និងខេត្តសៀមរាប ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ២) ៕
ដោយ ៖ សិលា