ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តដឹកឥដ្ឋក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនស៊ីជ្រុលទៅបុករះរថយន្តពីរគ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកឥដ្ឋក្នុងល្បឿនលឿនចាប់ហ្រ្វ័ងមិនសុីជ្រុលទៅបុករះរថយន្តពីរគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៥០នាទីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3A 2170បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរសម្នាក់ទៀតដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែចាប់ហ្រ្វ័ងមិនសុីជ្រុលទៅបុកនឹងរថយន្តតាកូម៉ាពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AD 7451ដែលកំពុងតែបើកឆ្លងផ្លូវពេញទំហឹងរួចរុញបន្តទៅបុកនិងរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងទៀតម៉ាកNISSAN DIESELពណ៌ត្រេអុីពាក់ស្លាកលេខភ្នំពេញ3B 4130បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតបណ្ដាលឲ្យរថយន្តរងការខូចខាតរថយន្តទាំងបីគ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះទេ។

ភ្លាមៗនោះតៃកុងរថយន្តដឹកឥដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ត៍នគរបាលរដ្ឋបាលព្រែកព្នៅជាបណ្តោះអាសន្នចាំប្រគល់ឲ្យជំនាញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖