នៅថ្ងៃទី១ខែកុម្ភៈ(ពេលវេលានៅអាមេរិក) មានករណីបាញ់ប្រហារនៅក្នុងរដ្ឋ Virginia និងរដ្ឋ Minnesota បណ្តាលឱ្យប៉ូលិសម្នាក់និងសិស្សម្នាក់ស្លាប់។
នៅលើបណ្តាញសង្គម Twitter ប៉ូលិសរដ្ឋ Virginia បានឱ្យដឹងថា មានករណីបាញ់ប្រហារនៅសាលា Bridgewater ក្នុងទីក្រុង Bridgewater នៅក្នុងរដ្ឋ Virginia ។ ជនដៃដល់បានបាញ់ប្រហារទៅលើកម្លាំងប៉ូលិស និងសន្តិសុខនៅសាលា ។ ជនដៃដល់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវកម្លាំងសន្តិសុខស្វែងរកចាប់ខ្លួនបាន។
ក្នុងថ្ងៃជាមួយគ្នានេះដែរ មានករណីបាញ់ប្រហារកើតឡើងនៅខាងក្រៅសាលារៀនក្នុងទីក្រុង Richfield រដ្ឋ Minnesota ស្ថិតនៅភាគកណ្តាលសហរដ្ឋអាមេរិកបណ្តាលឱ្យសិស្សសាលាម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នៅក្នុងសាលានោះមានសិស្សប្រមាណ២០០នាក់តាំងពីកុមារដ្ឋានឡើងទៅ។ កម្លាំងសន្តិសុខបានរកឃើញសិស្ស២នាក់ រងការបាញ់ប្រហារនៅក្រៅរបងសាលារៀន ហើយជនដៃដល់បានគេចខ្លួនបាត់។ សិស្សរងរបួសទាំងពីរនាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានសិស្សម្នាក់ស្លាប់។
អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនៅតែជាបញ្ហាក្តៅនៅទូទាំងអាមេរិក ។ ប្រធានាធិបតី ចូ បៃឌិន បានខិតខំជំរុញឱ្យរដ្ឋសភាអនុម័តវិធានការតឹងតែងបន្ថែមទៀត ក្នុងការគ្រប់គ្រងការប្រើប្រាស់កាំភ្លើង៕ ដោយ៖ សាធី
រូបថត៖AFP/VNA