ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានទទួលជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ករណីលួចម៉ូតូកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចកន្លែងជួសជុលម៉ូតូ ផ្ទះជួល ផ្លូវបេតុង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យឈ្មោះ មាស ពៅ អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងកក់ ខណ្ឌដូនពេញ (មានសារធាតុញៀន ត្រូវបានឃាត់ខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ សូ សំនៀង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅកន្លែងកេីតហេតុ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃកេីតហេតុមានជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Let ពណ៌ខៀវ ចូលមកសប់កង់កន្លែងជួសជុលម៉ូតូរបស់ជនរងគ្រោះ។ ពេលនោះជនសង្ស័យឈ្មោះ មាស ពៅ បានចុះពីលេីម៉ូតូដេីរទៅធ្វេីសកម្មភាពកាច់សោ.កម៉ូតូរបស់ជនរងគ្រោះបានសម្រេច រួចបណ្តេីរចេញ តែត្រូវជនរងគ្រោះឃេីញទាន់ស្រែកឆោឡោ ដេញតាមចាប់បានជនសង្ស័យឈ្មោះ មាស ពៅ រួមនឹងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងដាក់ពាក្យបណ្តឹង ។ ចំណែកឯបក្ខពួក០២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។
សម្ភារដកហូតបានមានម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1L-8016 (ប្រគល់ជូនជនរងគ្រោះ) សោលេខប្រាំបីចំនួន ០១ ដែកសំប៉ែតកែច្នៃសម្រាប់កាច់សោ.កម៉ូតូចំនួន ០១។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរយកចម្លេីយ និងស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ជ្រោយពេជ្រ