ក្លិបបានប្រកាសកាលពីថ្ងៃពុធថា ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid នឹងខកខានការប្រកួតពានរង្វាន់ Copa del Rey វគ្គ១/៤ផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍នេះជាមួយក្រុម Athletic Bilbao ខណៈដែលគាត់នៅមិនទាន់ជាសះស្បើយពីរបួសសាច់ដុំជើង១០០ភាគរយនៅឡើយ។
ការចូលរួមរបស់ Benzema ស្ថិតក្នុងភាពស្រពេចស្រពិល បន្ទាប់ពីអ្នកចាត់ការលោក Carlo Ancelotti បាននិយាយកាលពីថ្ងៃពុធថា គាត់នៅតែមិនទាន់សម្រេចចិត្តអំពីលទ្ធភាពរបស់ខ្សែប្រយុទ្ធបារាំងរូបនេះក្នុងការវិលត្រឡប់មកវិញ បន្ទាប់ពីគាត់ត្រូវបានគេបង្ខំឱ្យចាកចេញនៅដើមតង់ទី២នៃការប្រកួត La Liga ជាមួយក្រុម Elche ក្នុងខែមករា។
លោក Ancelotti បានប្រាប់សន្និសីទសារព័ត៌មានមួយម៉ោងមុនពេលប្រកាសថា “យើងនឹងមិនប្រថុយអ្វីទេ គាត់កំពុងហ្វឹកហាត់ដោយឡែកពីក្រុម គាត់អាចត្រូវចាកចេញពីក្រុមដែលនឹងធ្វើដំណើរទៅកាន់ទឹកដីក្រុមBilbao ។
ជាមួយនឹងការប្រកួតជើងទី១នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយជាមួយនឹងក្រុម Paris St Germain នៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ លោក Ancelotti បានបន្ថែមថា “ពួកយើងនឹងមិនធ្វើឱ្យគាត់ប្រឈមនឹងហានិភ័យនៃការជាសះស្បើយឡើងវិញនោះទេ ព្រោះយើងចង់ឱ្យគាត់ឆាប់ជាសះស្បើយ បើគាត់សុខសប្បាយ គាត់នឹងបង្ហាញខ្លួនក្នុងការប្រកួតក្នុងទឹកដីរបស់យើង”។
ទោះជាយ៉ាងណាក៏ដោយលោក Ancelotti នឹងអាចពឹងផ្អែកលើ Casemiro, Vinicius Jr, Rodrygo និង Federico Valverde ដែលជាកីឡាករអាមេរិកខាងត្បូងរបស់ក្រុម Real Madrid សម្រាប់ការប្រកួតពានរង្វាន់បន្ទាប់ពីពួកគេត្រឡប់ពីកាតព្វកិច្ចអន្តរជាតិ។
សូមបញ្ជាក់ថា ក្រុម Real Madrid នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Athletic Bilbao នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្នុងពានរង្វាន់ Copa del Reyវគ្គ៨ក្រុមចុងក្រោយ ដែលការប្រកួតនេះបានរកឃើញ២ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយគឺក្រុម Rayo Vallecano ដែលបានយកឈ្នះ Mallorca ១ទល់០ និងក្រុម Valencia បានយកឈ្នះក្រុម Cadiz ២ទល់១ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)