ខេត្តបន្ទាយមានជ័យ ៖ ផ្ទះពលរដ្ឋចំនួន២៣ខ្នងរងការខួចខាតកាលពី វេលាម៉ោង០៦យប់ថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២២ដោយសារមានភ្លៀងកក់ខែមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំង ប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន០២ភូមិ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃបានរងការខូចខាតសរុបចំនួន២៣ខ្នង ។
លោក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖នេះគឺជាភ្លៀងកក់ខែដំបូង លាយឡំជាមួយនិងខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំងទៅលើភូមិចំនួន០២ គឺភូមិអភិវឌ្ឍន៍និងភូមិសន្តិភាព ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ បង្កឲ្យប៉ះពាល់ដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ សរុបចំនួន២៣ខ្នង ក្នុងនោះ ធ្ងន់ធ្ងរចំនួន០៨ខ្នង និងដំណាំហូបផ្លែមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វពាហនៈនោះឡើយ ។
លោកបញ្ជាក់ថា៖នៅថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលបានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានចាត់តាំងកម្លាំងអន្តរាគមន៍របស់វរៈចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចុះជួយរៀបចំនិងប្រមូលស័ង្កសី ឈើ ដែលប៉ើងតាមខ្យល់ជូនប្រជាពលរដ្ឋនិងជួលជុលផ្ទះជូនគាត់វិញផងដែរ ៕
ដោយ ៖ វណ្ណា