ខេត្តកំពង់ស្ពឺ ៖ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ឃាត់ខ្លួនម្ចាស់រោងម៉ាស៊ីនអារឈើខុសច្បាប់ នៅស្រុកបសេដ្ឋ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យម្នាក់ ឈ្មោះ ផូ យុទ្ធា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ដោយបានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរសេដ្ឋ បានដឹកនាំដោយលោកវរសេនីយ៏ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរសេដ្ឋ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផូ យុទ្ធា តាមដីកាបង្គាបឲ្យចាប់ខ្លួន ពីបទបង្កើតរោងម៉ាសុីនអារឈើប្រភេទមធ្យមដោយគ្មានប្រកាស លេខ៣៨០ ដក.បចខ«ខ»ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១របស់ចៅក្រមជំនុំជម្រះ ងួន វុទ្ធី សាលាដំបូងខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖សហការី