ការិយាល័យប្រធានាធិបតីបារាំងនៅថ្ងៃទី៤ខែកុម្ភៈ បានប្រកាសថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅសប្តាហ៍ក្រោយនេះដោយជួបពិភាក្សាជាមួយមេដឹកនាំប្រទេសទាំងពីរដើម្បីបញ្ចប់ភាពតានតឹង ។
តាមគម្រោង ប្រធានាធិបតីបារាំង នឹងទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ៧ខែកុម្ភៈដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីពូទីន ហើយនៅថ្ងៃទី ៨ខែកុម្ភៈលោកនឹងបន្តទៅជួបប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky។
ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមក ប្រធានាធិបតីម៉ាក្រុងបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីពូទីន និងប្រធានាធិបតី Volodymyr Zelensky ព្រមទាំងប្រធានាធិបតីបៃឌិន។ ការិយាល័យប្រធានាធិបតីបារាំងបានឱ្យដឹងថា លោកម៉ាក្រុងបានពិភាក្សាតាមទូរស័ព្ទដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹង ។
ប្រធានាធិបតីបារាំង បានលើកឡើងថា អឺរ៉ុបចាំបាច់ត្រូវតែរក្សាខ្សែទូរស័ព្ទទំនាក់ទំនងជាមួយរុស្ស៊ី។ កន្លងមកប្រធានាធិបតីបារាំង បានទៅកាន់ទីក្រុង Saint Petersburg នៅខែឧសភាឆ្នាំ ២០១៨ ចូលរួមវេទិកាសេដ្ឋកិច្ច ។ កាលពីឆ្នាំ២០១៩ នៅវិមានប្រធានាធិបតីបារាំង ក៏មានជំនួបពិភាក្សាជាមួយប្រធានាធិបតីពូទីនដែរ។ ប្រធានាធិបតីបារាំងក៏មានគម្រោងទស្សនកិច្ចនៅរុស្ស៊ីនាខែឧសភាឆ្នាំ២០២០ ប៉ុន្តែត្រូវបានផ្អាកវិញដោយសារកូវីដ-១៩៕
ដោយ៖ សាធី(រូបថត៖minh hoạ)