ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩នៅអាមេរិកកើនឡើងខ្ពស់បំផុត

ចែករំលែក៖

សរុបអ្នកស្លាប់នៅអាមេរិកដោយកូវីដ-១៩ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីដើមឆ្នាំ២០២០មកទល់ពេលនេះមានអ្នកស្លាប់ជាង៩សែននាក់ហើយ ស្មើនឹងរដ្ឋមួយដែលមានពលរដ្ឋរស់នៅតិចក្នុងទឹកដីអាមេរិក។ ដើម្បីរស់នៅជាមួយកូវីដ -១៩ អាមេរិកបានជ្រើសរើសវ៉ាក់សាំងជាវិធីសាស្ត្រល្អបំផុត។
តាមតួលេខរបស់មហាវិទ្យាល័យ John Hopkins បានបង្ហាញឱ្យឃើញថា នៅទូទាំងអាមេរិកមានមនុស្ស៩សែននាក់ហើយស្លាប់ ស្មើនឹង ១៥,៧ % នៃចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក។ អ្នកស្លាប់ដោយកូវីដ-១៩ មានច្រើនជាងអ្នកស្លាប់ដោយជំងឺបេះដូង ឬជំងឺមហារីក ។
តាមគេហទំព័រ Worldometers នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២បានផ្សាយថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ២៨១,៤៦៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២,៦១៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៧,៤៩៦,៨៦០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩២៤,៥៣០នាក់ និងជាសះស្បើយឡើងសរុបជាង ៤៧.៤៧លាននាក់។
ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech នៅក្នុងសប្តាហ៍នេះបានប្រកាសថា ខ្លួនបានចាប់ផ្តើមដាក់ពាក្យស្នើសុំ ទៅកាន់អាជ្ញាធរសហរដ្ឋអាមេរិកហើយ ដើម្បីអនុម័តឱ្យប្រើនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនសម្រាប់ក្មេងៗអាយុក្រោម ៥ឆ្នាំ បើទោះបីជាការពិសោធន៍កន្លងមកនេះបានបង្ហាញថា វាបានជំរុញប្រព័ន្ធភាពសុំាតិចជាងការរំពឹងទុកសម្រាប់ក្មេងអាយុចាប់ពី២ឆ្នាំ ដល់៤ឆ្នាំក្តី។
គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៤១លានដូស ក្នុងនោះប្រជាជន ២៥០.៥៩លាននាក់ (៧៦.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១១.៥៦លាននាក់ (៦៤.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៨៨.៨៤លាននាក់ (២៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕

ដោយ៖ សាធី(រូបថត៖Reuters )


ចែករំលែក៖