ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមនិងថៃបង្កើនសកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនកុមារ

ចែករំលែក៖

នៅពេលនេះរដ្ឋាភិបាលវៀតណាមបានសម្រេចទិញវ៉ាក់សាំង Pfizer សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី៥ឆ្នាំដល់១២ឆ្នាំ។ ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ ពិសេសគឺកុមារ។
គិតត្រឹមថ្ងៃទី៦ខែកុម្ភៈ នៅទូទាំងប្រទេសវៀតណាមមានវ៉ាក់សាំង ជាង១៨២លានដូសបានចាក់ជូនប្រជាពលរដ្ឋ ។ ទោះបីការចាក់វ៉ាក់សាំងបានច្រើនក្តី តែវៀតណាម នៅតែមានករណីឆ្លងកើនឡើងខ្ពស់ ដោយកុមារមិនទាន់បានចាក់វ៉ាក់សំាងនៅឡើយ។ នៅថ្ងៃទី៦ខែមិថុនា វៀតណាមមានករណីឆ្លងកូវីដ-១៩ ជាង១៤ពាន់នាក់។
ចំណែកនៅក្នុងប្រទេសថៃវិញ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឱ្យអាជ្ញាធរសុខភាពសាធារណៈទាំងអស់ ប្រឹងប្រែងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់កុមារ ខណៈដែលជំងឺនេះកំពុងបន្តឆ្លងរាលដាលគួរឱ្យបារម្ភក្នុងចំណោមក្មេងៗ ហើយអត្រាចាក់វ៉ាក់សាំងរបស់ពួកគេស្ថិតនៅកម្រិតដ៏ទាបមួយនៅឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកThanakorn Wangboonkongchana បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកនាយករដ្ឋមន្រ្តីថៃព្រួយបារម្ភអំពីអត្រាឆ្លងរាតត្បាតនៃ COVID-19 នៅក្នុងចំណោមក្មេងៗ អាយុចាប់ពី៥-១១ឆ្នាំ ហើយចង់ឱ្យពួកគេទទួលបានការចាក់វ៉ាក់សាំងឆាប់រហ័សជាងមុន។
យោងតាមស្ថិតិរបស់រដ្ឋាភិបាលថៃ ការឆ្លង COVID-19 ក្នុងចំណោមកុមារនៃក្រុមអាយុខាងលើមានចំនួនសរុប១២៣,៤០៣ករណី គិតក្នុងចន្លោះខែមេសា-ធ្នូ ឆ្នាំ២០២១ ឬស្មើនឹងជាមធ្យម១៣,៧១១ករណីក្នុងមួយខែ ខណៈករណីឆ្លងចាប់ពីខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែកុម្ភៈនេះ គឺមានចំនួន១០,២៦៦ករណី។
ចំនួនសរុបនៃកុមារនៅក្នុងប្រទេសថៃ ដែលស្ថិតក្នុងក្រុមអាយុ៥-១១ឆ្នាំ គឺមានប្រមាណជា៥លាននាក់ ប៉ុន្តែមកទល់ពេលនេះ ប្រហែល៤១,០០០នាក់ ឬស្មើនឹងត្រឹម០.៨ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងដូសដំបូង ដ្បិតក្រសួងសុខាភិបាលថៃ ទើបតែបានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យពួកគេកាលពីចុងខែមករាកន្លងទៅ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត៕ ដោយ៖ សាធី

រូបថត៖TTXVN 


ចែករំលែក៖