ព័ត៌មានទាន់ហេតុការណ៍៖

ការបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីបំភ្លឺ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, បន្ទាប់ពីការប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកនេះ ពាក់ព័ន្ធនឹងការដោះលែងលោកសាស្ត្រាចារ្យ សន ធើនណល ជនជាតិអូស្ត្រាលីដែលជាប់ឃុំឃាំងនៅមីយ៉ាន់ម៉ា មានការស្វែងរកការបញ្ជាក់ជាច្រើនលើបញ្ហានេះ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា ការប្រកាសនេះគឺដោយសារការផ្ដល់ព័ត៌មានខុស ហើយលោកសាស្ត្រាចារ្យ សន ធើនណល នៅបន្តជាប់ឃុំឃាំងដដែល។

ទោះបីជាហេតុការណ៍នេះកើតឡើងដោយអចេតនាក្តី អ្នកនាំពាក្យសូមរំលឹកថា នៅក្នុងកិច្ចពិភាក្សា ជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកពីករណី លោកសាស្ត្រាចារ្យ សន ធឿនណល ហើយទទួលបានការធានាពីនាយឧត្តមសេនីយ៍ជាន់ខ្ពស់ថា គាត់នឹងពិចារណាករណីនេះឡើងវិញបន្ទាប់ពីដំណើរការតុលាការត្រូវបានបញ្ចប់។ ដោយឡែកសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ព្រឹកម្សិលមិញខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។

សម្តេចបន្តថា, តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះមិនទាន់ទទួលបានការដោះលែងនៅឡើយទេ។

សម្តេចបញ្ជាក់ថា, ការភ័ន្តច្រឡំនេះបណ្តាលមកពីខ្ញុំទទួលបានព័ត៌មានខុសដែលខ្ញុំសូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖