ខេត្តប៉ៃលិន៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីអ្នកចម្រៀង និងអ្នកភ្លេងនៅលើឆាកឈប់ប្រគុំ នាំគ្នារត់ចែកជើងគ្នាយកប្រាសអាយុព្រោះតែបងប្រុសកូនក្រមុំ ទាញកែវស្រាគប់ទៅលើអ្នកចម្រៀង ស្របពេលដែលភ្ញៀវប្រុសស្រី កំពុងហូបចុកយ៉ាងសប្បាយរីករាយក្នុងពិធីមង្គលការមួយកន្លែង ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ថ្មីៗនេះ។
ជាក់ស្ដែងបើតាមការបញ្ជាក់ពីមេការតន្ត្រី មានឈ្មោះ ម៉ៃ បានឱ្យដឹងនៅវេលាម៉ោង១១ ថ្ងៃទី៨ ខែកុម្ភៈ នេះថា៖ ពេលឃើញភ្ញៀវកំពុងតែហូបអាហារ ក្រុមតន្ត្រីរបស់លោកបន្តច្រៀងបទរាំវង់ និងបទញាក់ខ្លះៗ ដើម្បីបង្កភាពសប្បាយរីករាយ ស្រាប់តែបងប្រុសរបស់កូនក្រមុំ មកនិយាយជាមួយខ្លួនថា រូបគេបានជួលអ្នកចាក់បទចម្រៀងរីមិច (Remix) អស់៥០ដុល្លារ ដើម្បីយកមកចាក់រាំសប្បាយនៅក្នុងរោងការនេះដែរ មុននឹងភ្ញៀវហូបអាហាររួចត្រឡប់ទៅផ្ទះ។
មេការរូបនេះ បានបន្តទៀតថា បើចាក់បទបែបនោះ នឹងគ្មានភ្ញៀវចាស់ៗណានៅបន្តរាំលេងបានទេ ព្រោះជាបទសម្រាប់ក្រុមក្មេងស្ទាវប៉ុណ្ណោះ ទើបខាងលោកមិនទាន់អនុញ្ញាត ក៏មានការគប់កែវតែម្ដង។
ដោយឡែកបេីតាមប្រភពព័ត៍មានពីភ្ញៀវដែលបានចូលរួមក្នុងពិធីមង្គលការខាងលេីនេះ បានឱ្យដឹងថា មុនពេលកើតហេតុមានភ្ញៀវប្រុសស្រីក្មេងចាស់ជាច្រើននាក់ បានចូលរួមពិសាភោជនីអាហារក្នុងពិធីអាពាហ៍ពិពាហ៍កូនក្រមុំរបស់លោក ម៉ុន ជាមន្ត្រីនៃមន្ទីរផែនការខេត្តប៉ៃលិន និងប្រពន្ធឈ្មោះ ចែថា ជាអាជីវករលក់សាច់គោក្នុងផ្សារ លុះនាំគ្នាហូបដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែបងប្រុសបង្កើតរបស់កូនក្រមុំទៅនិយាយជាមួយមេការក្រុមតន្ត្រី សុំឱ្យឈប់លេងភ្លេងផ្ទាល់ដៃ និងឈប់ច្រៀង ព្រោះរូបគេចង់ប្តូរមកចាក់បទចម្រៀងរីមិច(Remix) ញាក់កន្ត្រាក់អារម្មណ៍រាំលេងសប្បាយជាមួយមិត្តភ័ក្ដិវិញ។ តែមេការមិនទាន់ឱ្យក្រុមតន្ត្រីឈប់លេងនិងច្រៀង ទើបបងប្រុសកូនក្រមុំទាញកែវស្រាកំពុងផឹកគប់ទៅលើអ្នកចម្រៀងបណ្តាលឱ្យរត់គេចពេញឆាក តែមិនត្រូវនរណាម្នាក់បណ្តាលឱ្យរងរបួសនោះទេ។
ក្រោយកើតហេតុក្រុមគ្រួសារខាងកូនក្រមុំ ក៏មានការសម្របសម្រួលពីមន្រ្តីនគរបាលនៃអធិការក្រុងប៉ៃលិន ទើបខាងមេការអនុញ្ញាតឱ្យក្រុមតន្ត្រីបន្តច្រៀងកំដរភ្ញៀវរហូតដល់ម៉ោង១២យប់ រួចបិទផ្អាកតែម្តង៕
ដោយ៖សហការី