គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបបិសាចក្រហម Manchester United លោក Ralf Rangnick បាននិយាយថា ក្លិបកំពុងមានភាពប្រសើរឡើងនៅលើទីលាន ទោះបីជាមានការធ្លាក់ចេញពីពានរង្វាន់ FA Cup ពេលប្រកួតចាញ់ក្រុម Middlesbrough ក្នុងជុំទី៤ក៏ដោយ។
ការបរាជ័យក្នុងទឹកដី Old Trafford ក្រោមថ្វីជើងក្រុម Middlesbroughបានបញ្ចប់ក្តីសង្ឃឹមនៃការឈ្នះពានរង្វាន់ក្នុងស្រុកជាលើកដំបូងរបស់ក្រុមបិសាចក្រហមចាប់តាំងពីឆ្នាំ២០១៧មក។ វាជាលើកទី៥ហើយក្នុងការប្រកួត១១ប្រកួតក្រោមការដឹកនាំរបស់លោក Rangnick ដែល ManUnited បរាជ័យ។
លោក Rangnick បាននិយាយថា “ខ្ញុំពិតជាជឿជាក់ណាស់ថា យើងកំពុងលេងក្នុងកម្រិតខ្ពស់ជាងដែលយើងធ្លាប់លេងកាលពីប៉ុន្មានសប្តាហ៍មុន។ទាំងក្នុងការកាន់កាប់ និងប្រសិនបើក្រុមផ្សេងទៀតកាន់កាប់នោះក្រុមមានភាពប្រសើរឡើង”។
ក្រុម Man United បានឡើងពីលេខ៧ទៅលេខ៤ក្នុងតារាង Premier League ចាប់តាំងពីលោក Rangnick ចូលកាន់តំណែង។ បុរសវ័យ៦៣ឆ្នាំរូបនេះមានទស្សនវិស័យសម្រាប់ក្លិប ដែលគាត់នឹងនាំទៅដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេលទទួលយកការប្រឹក្សាឲ្យដឹកនាំរយៈពេល២ឆ្នាំ។តួនាទីនោះនឹងរួមបញ្ចូលទាំងការផ្តល់ដំបូន្មានអំពីអ្នកណាដែលជំនួសតំណែងជាអចិន្ត្រៃយ៍របស់លោក Ole Gunnar Solskjaer ក្នុងនាមជាអ្នកចាត់ការទូទៅ។
លោក Rangnick បានបន្តថា “ឥឡូវនេះយើងស្ថិតនៅចំណាត់ថ្នាក់ទី៤ក្នុងលីគ ហើយគ្រប់គ្នានៅក្នុងក្លិប រួមទាំងខ្ញុំផងដែរនឹងសប្បាយចិត្តប្រសិនបើយើងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤នៅចុងបញ្ចប់នៃរដូវកាលនេះ។
មុនពេលធ្វើដំណើរទៅកាន់ទឹកដីក្រុម Burnley ពេលសួរថា តើ Man United នៅឆ្ងាយពីការឈ្នះពានរង្វាន់ Premier League ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៣? លោក Rangnick បានឆ្លើយតបថា “អ្នកគ្រាន់តែត្រូវការមើលតារាងប៉ុណ្ណោះ។ ប៉ុន្តែវាមិនបានជួយយើងក្នុងការពិភាក្សាថាឥឡូវនេះនៅក្នុងពាក់កណ្តាលនៃរដូវកាលជាមួយខ្ញុំទើបតែបានមកដល់១០សប្តាហ៍មុន។ នេះគឺជាប្រធានបទសម្រាប់ចុងបញ្ចប់នៃរដូវកាលនេះ ឬប្រហែលជាពីរបីសប្តាហ៍មុនពេលបញ្ចប់។ ប្រសិនបើ Manchester United មិនបានឈ្នះពានក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វាត្រូវតែមានហេតុផលល្អមួយចំនួនសម្រាប់រឿងនោះ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)