ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ប្រារព្ធនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន លេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលរាជធានី ខេត្ត ព្រមទាំងមន្រ្តី និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
នាឱកាសនោះ សម្ដេចក្រឡាហោម ព្រមទាំងគណៈអធិបតី និងអង្គពិធី ក៏បានស្ដាប់របាយការណ៍ស្ដីពីស្ថានភាពចរាចរណ៍ផ្លូវគោករបស់ លោកអគ្គលេខាធិការរងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លោកអភិបាលខេត្តកណ្ដាល និងបានស្ដាប់នូវមតិចំណាប់អារម្មណ៍របស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ពាក់ព័ន្ធនឹងការងារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការងារអនុវត្តច្បាប់ និងវិធានការនានាដើម្បីរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងការការពារគុណភាពផ្លូវ ស្ពាន និងកិច្ចការអាទិភាពមួយចំនួនទៀត។
យោងតាមរបាយការណ៍ នៅឆ្នាំ២០២១កន្លងទៅគ្រោះថ្នាក់ចរាចរណ៍បានថយចុះធៀបនឹងឆ្នាំ២០២០ ទាំងចំនួនករណីគ្រោះថ្នាក់ ករណីស្លាប់ និងរបួស ហើយសមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបជាង២លានគ្រឿង ក្នុងនោះម៉ូតូជាង៦០ភាគរយ, រកឃើញយានយន្តល្មើសនិងពិន័យជាង២២៣ពាន់គ្រឿង ក្នុងនោះម៉ូតូជាង៧០ភាគរយ និងពិន័យបានថវិកាសរុបជាង១៩ប៊ីលានរៀល។ ចំណែកគ្រោះថ្នាក់ចរាចរណ៍វិញ នៅឆ្នាំ២០២១ មានចំនួន២៦៧០ករណី ស្លាប់១៤៩៧នាក់ របួស៣៦១៥ ក្នុងនោះរបួសធ្ងន់មាន២២៤៦នាក់។
របាយការណ៍ឱ្យដឹងទៀតថាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១ ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។ មូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់សរុប រួមមានបើកបរលើសល្បឿនកំណត់៣៨ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្ដាំ១៤ភាគរយ វ៉ាជែង៨ភាគរយ បត់៨ភាគរយ ស្រវឹង៤ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។ អត្រាគ្រោះថ្នាក់សរុបនេះ បើធៀបនឹងឆ្នាំ២០២០ គឺថយចុះ៥០៩លើក ស្លាប់ថយចុះ១៤៩នាក់ និងរបួសថយចុះ១០៧១នាក់។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកាលពីឆ្នាំ២០២១ដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទោះបីជាតួលេខគ្រោះថ្នាក់នៅរាជធានីខេត្តមួយចំនួននៅតែស្ថិតក្នុងអត្រាខ្ពស់ និងមានកំណើនគ្រោះថ្នាក់នាថ្ងៃបុណ្យឈប់សំរាកក៏ដោយ។
សម្ដេច បានយកឱកាសនេះថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋដែលបានខិតខំបំពេញភារកិច្ច និងចូលរួមគាំទ្រ ធ្វើឱ្យការងារទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១មានភាពល្អប្រសើរ។
សម្ដេច ក៏បានសម្ដែងការកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលរាជធានីខេត្ត ដែលបើទោះបីជាត្រូវរែកពន្ធការដោះស្រាយបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុន្តែនៅតែបន្តខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងដឹកនាំអនុវត្តការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ សម្ដេចក៏បានសម្ដែងការកោតសរសើរចំពោះការរៀបចំប្រព័ន្ធផាកពិន័យទំនើប ពិសេសការររៀបចំប្រព័ន្ធដកពិន្ទុចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍។ សម្ដេចក៏បានសម្ដែងការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះមន្រ្តីអនុវត្តច្បាប់ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងមានភាពបត់បែន។
យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម នៅតែបន្តសម្ដែងក្ដីព្រួយបារម្ភអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែបន្តកើតមានក្នុងចំនួនច្រើន និងបណ្ដាលឱ្យមានការបាត់បង់ជីវិត មានពិការភាព និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បតិ្តសាធារណៈជារៀងរាល់ថ្ងៃ ពិសេសការចាប់ផ្ដើមហក់ឡើវិញនៃអត្រាគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីមានការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម។ សម្ដេចបានអំពាវនាវប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា។ សម្ដេចក៏បានទាញចំណាប់អារម្មណ៍ឱ្យយកចិត្តទុកដាក់បន្តបង្កើនការត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំដឹកទំនិញ ជាពិសេសនៅពេលយប់។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមបានបន្តមានប្រសាសន៍អំពីបញ្ហាគ្រឿងញៀន ដោយបានថ្លែងកោតសរសើរឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងរដ្ឋបាលរាជធានីខេត្តទាំងអស់ដែលបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដើម្បីការពារសុខភាពសាធារណៈ។
សម្ដេចបានបន្តលើកឡើងពីអត្រាអ្នកជាប់ឃុំច្រើនជាង៥០ភាគរយដែលមានការជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ហើយសម្រាប់សន្និបាតក្រសួងមហាផ្ទៃខាងមុខនេះ សម្ដេចក៏កំពុងខិតខំជាមួយសហការីដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ និងស្ដានីតិសម្បទាអ្នកញៀនគ្រឿងញៀនផងដែរ។
ពាក់ព័ន្ធនឹងស្ថានភាពចរាចរណ៍នេះ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យគ្រប់សមាសភាពនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍តាមគ្រប់រូបភាព និងឱ្យបានទូលំទូលាយ ត្រូវពង្រឹងបន្ថែមទៀតគុណភាពសាលាបង្រៀនបើកបរ បង្កើនការបំពាក់ភ្លើងស្តុប ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ និងរិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀតដើម្បីពង្រឹងការអនុវត្តច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សម្ដេច ក៏បានណែនាំបន្តការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ដោយផ្សារភ្ជាប់នឹងវិធានការបច្ចេកទេស ដូចជាការបំពាក់កាំមេរ៉ាត្រួតពិនិត្យល្បឿន ឬល្មើសសញ្ញាចរាចរណ៍ ត្រៀមកម្លាំងល្បាតអនុវត្តច្បាប់តាមផ្លូវល្បឿនលឿន ការដកពិន្ទុលើបណ្ណបើកបរ ពង្រឹងការអនុវត្តម៉ឺងម៉ាត់លើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងត្រូវពង្រឹងការបណ្ដុះបណ្ដាលធនធានមន្ត្រីទាំងចំណេះដឹងអំពីច្បាប់ ជំនាញ បច្ចេកទេស ប្រតិបត្តិការ និងសីលធម៌៕
ដោយ ៖ សិលា