ភ្នំពេញ ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា, សេចក្ដីជូនព័ត៌មានស្តីពីការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ របស់ ក្រសួងសុខាភិបាល និងដើម្បីបន្តប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ជាពិសេសនៅតាមរោងចក្រ សហគ្រាស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមរំលឹក និងណែនាំសាជាថ្មីម្តងទៀត ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដូចខាងក្រោម៖
១-ទំនាក់ទំនងជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនបងប្អូនកម្មករនិយោជិត នៅតាមទីតាំងណាមួយដែលមានភាពងាយស្រួលសម្រាប់កម្មករនិយោជិត។
២-ជំរុញអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យបានយល់ដឹងពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និង ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយត្រូវផ្តល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដួសជំរុញ។
៣-គ្រប់គ្រងទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំង ទៅក្នុងរបបស្វ័យ ប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh ។ សម្រាប់ព័ត៌មាន បន្ថែម ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចសួរព័ត៌មានបន្ថែមក្នុងក្រុម “សម្រាប់និយោជក” តាមរយៈតេឡេក្រាម https://t.me/EmploverChat
៤-ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាពិសេស ការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារចេញ-ចូល រោងចក្រ សហគ្រាស, ការរក្សាគម្លាតសុវត្ថិភាពបុគ្គលនៅកន្លែងធ្វើការ និងកាត់បន្ថយការប្រមូលផ្ដុំកម្មករនិយោជិត, ការលាងសម្អាត ដៃ និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងធ្វើការ និងកន្លែងប្រើប្រាស់រួមគ្នា និងការតាមដានសុខភាពកម្មករនិយោជិត។
ក្រុមអធិការការងាររបស់ក្រសួង នឹងចុះធ្វើអធិការកិច្ចការងារ ដើម្បីត្រួតពិនិត្យទិន្នន័យកម្មករនិយោជិតដែលបាន ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តទៅ។ ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សុខ ខេមរា