ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការចំនួន ៤០ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា នៅវេលាម៉ោង ៨​ និង៣០នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះសាកសួរសុខទុក្ខ​ និង ចែកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់ ប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន ជនពិការចំនួន ៤០ គ្រួសារ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ពេជ្រ កែវ មុនី ប្រធានកិត្តិយស អនុសាខា និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និង ជាពិសេសពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹកបំផុត ។ 

ជាមួយគ្នានេះដែរ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ​ និង ការហូបចុក​ ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩  ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។  ដូច្នេះសូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះសូមកាត់បន្ថយការជួបជុំ ឬ ការប្រមូលផ្តុំដែលមានមនុស្សច្រើន និង ត្រូវអនុវត្តវិធានការ ៣កុំ និង ៣ ការពារ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន​  ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា។

ដោយឡែកអំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖- អង្ករ ១បាវ​ ស្មេីនិង​ ២៥គីទ្បូក្រាម , មី១កេស , ទឹកត្រី១យួរ​ , ទឹកសុីអុីវ១យួរ​ , ម៉ាស់ ១ប្រអប់ , ជែលលាងដៃ ១ដប និងទឹកសុទ្ធ ១យួរ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃដែរ ៕

ដោយ៖ស តារា


ចែករំលែក៖